(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ រួមជាមួយអភិបាលរង និងបេក្ខជនក្រុមប្រឹក្សាសងា្កត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន២ខ្សែ និងដាក់ប្រព័ន្ធលូ ចំនួន២ខ្សែ ក្នុងសង្កាត់ប្រទះឡាង និងសង្កាត់ក្រាំងពង្រ។
គម្រោងដែលបើកការដ្ឋានស្ថាបនានាថ្ងៃនេះ រួមមាន៖
១-ដាក់ប្រព័ន្ធលូ១ខ្សែ ប្រវែង៤០០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ (គម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧)
២-ដាក់ប្រព័ន្ធលូ១ខ្សែ ប្រវែង៤១១ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ (គម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)
៣-ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង (គម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧)
៤-ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ២៩៤ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង (គម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)។
លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស។
ជាក់ស្តែងនៅថ្ងៃនេះ សមិទ្ធផលផ្លូវបេតុងថ្មី២ខ្សែនេះ និងប្រព័ន្ធលូថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ បញ្ជៀសការលិចលង់ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។
លោកអភិបាល បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។ ជាមួយគ្នានេះ លោកអភិបាលក៏បានសំណូមដល់បងប្អូន ប្រជាពលរដ្ឋសូមមេត្តាជួយតាមដាន ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាល មកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕