(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកកោះធំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ឲ្យកាត់ខ្សែបូសម្ពោធសមិទ្ធិផលផ្លូវបេតុង និងផ្លូវក្រាលកម្ទេចថ្ម ចំនួន៣ខ្សែ។
ប្រជាពលរដ្ឋក្នុងឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល បានសម្តែងការសប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានផ្លូវបេតុងពីរខ្សែ និងផ្លូវក្រាលកម្ទេចថ្មីមួយខ្សែ មានប្រវែងសរុបជិត ៣គីឡូម៉ែត្រ ដែលជួយឲ្យការធ្វើដំណើរ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការដឹកកសិផលទៅកាន់ទីផ្សារបានកាន់តែងាយស្រួល។
ប្រជាពលរដ្ឋក៏បានបង្ហាញការសប្បាយចិត្តផងដែរ ដែលមានឱកាសបានកាត់ខ្សែបូសម្ពោធសមិទ្ធិផលក្នុងភូមិ ឃុំ របស់ពួកគាត់។ ក្រុមប្រជាពលរដ្ឋដែលមានវ័យចាស់ៗហើយនោះ បានថ្លែងថា ពួកគាត់មិនដែលមានឱកាសកាត់ខ្សែបូបែបនេះទេ តែពេលនេះលោក ទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល អញ្ជើញឲ្យកាត់ខ្សែបូធ្វើឲ្យពួកគាត់រីករាយជាខ្លាំង។
លោកទេសរដ្ឋមន្រ្តី បានថ្លែងក្នុងឱកាសនោះថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន ជាពិសេសការសាងសង់ផ្លូវ ស្ពាន រួមនិងប្រឡាយទឹកជាដើម។
ក្រៅពីការអភិវឌ្ឍន៍នៅតាមមូលដ្ឋានហើយ រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ និងដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតការងារជូន ប្រជាពលរដ្ឋ ដែលជាបុព្វហេតុនៃការអភិឌ្ឍប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីលទ្ធផលនៃដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនកន្លងមក ដោយបានប្រឹងប្រែងស្វែងទីផ្សារនាំចេញផលិតផលកសិកម្ម ឧស្សាហកម្មកម្ពុជា និងបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងចិននិងកម្ពុជា ។
ប្រជាពលរដ្ឋក្នុងឃុំពោធិ៍បាន ដែលទទួលបានផ្លូវបេតុងសម្រាប់ធ្វើដំណើរ និងដឹកកសិផល សុទ្ធតែបានបង្ហាញក្តីសប្បាយរីករាយ។ ពួកគាត់បានលើកឡើងថា ផ្លូវនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ពោលពេលមានផ្លូវល្អសម្រាប់ធ្វើដំណើរ នឹងចូលរួមចំណែកធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ៕