(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំចៅសង្កាត់ស្វាយប៉ាកលោក ហ៊ូ សាម៉ន ដែលជាបេក្ខភាពប្រធានក្រុមប្រឹក្សា រួមជាមួយក្រុមហ៊ុនធ្វើផ្លូវផងដែរ ដើម្បីចុះទៅត្រួតពិនិត្យ និងធ្វើការជួសជុលឡើងវិញ លើកំណាត់ផ្លូវ១ខ្សែ ដើម្បីសម្រួលទាំងជីវភាព ក៏ដូចជាមានភាពងាយស្រួល ក្នុងការធ្វើដំណើរចេញចូលនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមច្រកចូលសាលាវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ត្រង់ចំណុចកំណាត់ផ្លូវលេខ៣០០ កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ក្នុងដំណើរដឹកនាំប្រធានក្រុមប្រឹក្សាសង្កាត់ ក៏ដូចជាក្រុមហ៊ុនធ្វើផ្លូវ ដើម្បីចុះទៅត្រួតពិនិត្យ និងធ្វើការជួសជុលផ្លូវខាងលើនេះលោក ជា ពិសី បានបញ្ជាក់ថា ចំពោះកំណាត់ផ្លូវ១ខ្សែនេះ កំពុងរងការខូចខាតយ៉ាងដំណំ ហើយត្រូវបានធ្វើការជួសជុលឡើងវិញ ជូនប្រជាពលរដ្ឋមានភាពងាយស្រួល។ ក្នុងការធ្វើដំណើរនេះ លោកនឹងសន្យាកែប្រែផ្លូវដី១ខ្សែនេះ ឲ្យទៅជាផ្លូវបេតុងឆ្អឹងដែក ក្នុងឆ្នាំ២០១៨ខាងមុខឲ្យបាន ក្នុងគ្រាដែលលោកទទួល បានដំណឹងភ្លាមៗ ពីបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ មានការពិបាកធ្វើដំណើរពេលមានភ្លៀងធ្លាក់ម្ដងៗ ក៏ព្រោះតែផ្លូវរងការខូចខាតច្រើន ទើបធ្វើការឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានបញ្ជាក់ទៀតថា ពាក់ព័ន្ធការជួសជុលផ្លូវដី១ខ្សែនេះ លោក ហ៊ូ សាម៉ន បានយកចិត្តទុកដាក់ស្នើសុំយ៉ាងទទូចមកសាលាខណ្ឌឫស្សីកែវ ក្នុងការស្ថាបនាផ្លូវ ហើយគ្រាន់តែជាជុំហ៊ានដំបូងបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះលោកនឹងសន្យាស្ថាបនាផ្លូវដី១ខ្សែនេះ ឲ្យទៅជាផ្លូវបេតុងឆ្អឹងដែកជូន ប្រជាពលរដ្ឋឲ្យបាន ក្នុងឆ្នាំ២០១៨ខាងមុខ ស្របពេលដែលថវិការបស់រដ្ឋបាលខណ្ឌឫស្សីកែវបច្ចុប្បន្ន ត្រូវបានអស់ទៅហើយទើបពន្យាពេល។
លើសពីនេះលោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូននានា ដែលកំពុងប្រើប្រាស់ផ្លូវ ពិសសេក្រុមហ៊ុនដឹកជញ្ជូនដី មេត្តាកុំដឹកឲ្យលើសចំណុះ ដែលបណ្ដាលឲ្យខូចផ្លូវ ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្រជូនលោក ហ៊ូ សាម៉ន ដោយទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នាផង ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕