(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ូវ៉ន លឿនប៊ុនមី អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជានាយអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ មកទស្សនកិច្ចនៅប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូឡាវ និងស្នាក់នៅកម្ពុជាចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០១៧ ក្នុងគោលបំណង ដើម្បីជួបសំណេះសំណាល ជាមួយនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត៕