(រតនគិរី)៖ អ្នកទោសដែលកំពុងជាប់ឃុំឃាំង នៅពន្ធនាគារខេត្តរតនគិរី ចំនួន៥នាក់ បានរួមគ្នាធ្វើសកម្មភាពហែកគុក ដោយកាត់របងលួស រួចលូនចេញតាមលូបង្ហូទឹក មុនពេលលោតចេញទៅក្រៅ ប៉ុន្តែអ្នកទោសម្នាក់ពេលលោតចុះមក ស្រាប់តែភ្លាត់ស្នៀតបាក់កជើង ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ ចាប់បានមកវិញ ហើយ៤នាក់ទៀតបានរត់គេចខ្លួនបាត់។ នៅពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ក្រោមការបញ្ជាពីព្រះរាជអាជ្ញា ជា ពេជ្រ បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ត្រឡប់មកវិញ។
ហេតុការណ៍អ្នកទោស ហែកគុករត់គេចខ្លួននេះបានកើតឡើង នៅវេលាម៉ោងប្រមាណ១២៖៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដែលពួកគេត្រូវបានតុលាការកាត់ ទោសពីបទល្មើសគ្រឿងញៀន និងជួញដូរព្រៃឈើ។
មន្រ្តីអនុរក្សពន្ធនាគារខេត្តរតនគិរី បានឲ្យដឹងថា អ្នកទោសទាំង៥នាក់រួមមាន៖ ទី១-ឈ្មោះ កែវ ឆក ជាប់ចោទពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ហើយឃុំខ្លួនតាមដីកាសម្រេចឃុំខ្លួនលេខ៧៣ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ទី២-ឈ្មោះ កែវ ចន្ទ ជាប់ចោទពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយឃុំខ្លួនតាមដីកាសម្រេចឃុំខ្លួនលេខ៧៤ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ទី៣-ឈ្មោះ សុខ នី ជាប់ចោទពីបទ ដឹកជញ្ជូន និងប្រមូលផល អនុផលព្រៃឈើ ហើយឃុំខ្លួនតាមដីកាសម្រេចឃុំខ្លួនលេខ១១០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ទី៤-ឈ្មោះ សូម ហាក់ ជាប់ចោទពីបទ អំពើផ្តល់មធ្យោបាយលួចរត់ ហើយឃុំខ្លួនតាមដីកាសម្រេចឃុំខ្លួនលេខ៣៩ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ និងទី៥ឈ្មោះ នង វណ្ណា ជាប់ចោទពីបទរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ហើយឃុំខ្លួនតាមដីកាសម្រេចឃុំខ្លួនលេខ១០៤ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
ជនទាំងប្រាំនាក់នេះ បានធ្វើសកម្មភាពហែកគុកលួចរត់ចេញពីបន្ទប់លេខ៧ ក្នុងអគារA ហើយពួកគេបានហែកដែករបងលូនតាមលូ និងបានឡើងតាមរបង លួស ដើម្បីហក់ចេញពីរបងពន្ធនាគារដោយឈ្មោះ កែវ ឆក, ឈ្មោះ កែវ ចន្ទ, ឈ្មោះសូម ហាក់, ឈ្មោះ សុខ នី បានហក់ចេញពីរបងពន្ធាគាររួច។ ដោយឡែក ឈ្មោះ នងវណ្ណា ក៏បានហក់ចេញទៅដែរ តែហក់ខុសបច្ចេកទេសបណ្តាល ឲ្យបាក់ជើង រត់មិនរួច ក៏ត្រូវអនុរក្សពន្ធនាគារចាប់បាន៕