(ភ្នំពេញ)៖ សាកលវិទ្យាល័យអារីហ្សូណា (University of Arizona, UA) ដ៏ល្បីមួយនៅសហរដ្ឋអាមេរិក បានបើកសាខារបស់ខ្លួន នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ចាប់ពីឆ្នាំ២០១៧នេះតទៅ។
យោងតាមសេចក្តីប្រកាសរបស់សាកលវិទ្យាល័យអារីហ្សូណា ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចាប់ពីខែឧសភានេះតទៅ និស្សិតខ្មែរដែលចង់ទៅរៀននៅសហរដ្ឋអាមេរិក ពុំចាំបាច់ចំណាយថវិកា ច្រើនដូចមុនទៀតទេ ព្រោះ UA បានចាប់ផ្តើមបើកសាខារបស់ខ្លួន នៅប្រទេសខ្មែរតាមរយៈកិច្ចព្រមព្រៀង ដែលទើបចុះហត្ថលេខា ជាមួយសាកលវិទ្យាល័យ AUPP។
តាមរយៈកិច្ចព្រមព្រៀងនេះ និស្សិត AUPP នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា៖ ថ្លៃសិក្សាសមរម្យ សិក្សារួមគ្នានិងស្រាវជ្រាវ រួមគ្នា រវាងនិស្សិត AUPP និងនិស្សិតមកពីអាមេរិក នៅសាកលវិទ្យាល័យ AUPP ឬនៅសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមេរិក។ អ្វីដែលជាលក្ខណៈពិសេសនោះគឺ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅ AUPP និស្សិតនឹងទទួលបានសញ្ញាបត្រពីរដែលចេញ ដោយសាកលវិទ្យាល័យ អារីហ្សូណា និងសាកលវិទ្យាល័យ AUPP ទាំងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញ ជាច្រើន។
យោងតាមសេចក្តីប្រកាសខាងលើ កម្ពុជាជាប្រទេសទីពីរ ដែលសាកលវិទ្យាល័យ អារីហ្សូណា បានសម្រេច ចិត្តបើកសាខារបស់ខ្លួន។ UA Qingdao នៅប្រទេសចិន គឺជាសាខាទីមួយ ដែលដាក់ឱ្យដំណើការនៅឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ Ocean University of China ដែលពេលនោះ និស្សិតចំនួន១៧៥នាក់ បានចូលសិក្សានៅឆ្នាំដំបូង និងកើនឡើងដល់៤០០នៅឆ្នាំបន្ទាប់។
សាកលវិទ្យាល័យ Ocean ស្ថិតក្នុងលំដាប់កំពូលសាកលវិទ្យាល័យ៥០ នៅប្រទេសចិន និងក្នុងចំណោម សាកលវិទ្យាល័យល្អបំផុត ២ក្នុងខេត្ត Shandong ដែលជាសាកលវិទ្យាល័យល្អបំផុត ក្នុងប្រទេសចិន សម្រាប់មហាវិទ្យាល័យវិទ្យាសាស្រ្តសមុទ្រ។
ដោយឡែក AUPP គឺជាសាកលវិទ្យាល័យឯកជន មិនរកប្រាក់ចំណេញ មានទីតាំងស្ថិតនៅតំបន់ទួលគោក ក្រុងភ្នំពេញ។ ជាមួយនឹងការ បណ្តុះបណ្តាល ស្តង់ដាអាមេរិកាំងក្នុងរយៈពេល៤ឆ្នាំមកនេះ AUPP បានពង្រឹងកិត្តិនាមរបស់ខ្លួ ជាសាកលវិទ្យាល័យ ដែលផ្តល់កម្មវិធី បណ្តុះបណ្តាលល្អបំផុតមួយនៅកម្ពុជា។ AUPP នឹងប្តូរទៅទីតាំងថ្មីដែលមានអគារសិក្សារចនាឡើងយ៉ាងល្អបំផុត នៅឆមាសទីមួយ ឆ្នាំ២០១៧ ខាងមុខនេះ។
ចំពោះ UA នៅសាកលវិទ្យាល័យ AUPP នឹងធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រលើមុខជំនាញច្បាប់ សំណង់ស៊ីវិល និងរដ្ឋបាលធុរកិច្ច ក៏ដូចជាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ បន្ថែមលើមុខវិជ្ជាចំនួន៥ទៀត ដែលសាកលវិទ្យាល័យ AUPP បានកំពុងបើកបង្រៀន រួមមានបរិញ្ញាបត្រផ្នែក កិច្ចការអន្តរជាតិ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិទ្យាសាស្រ្តកុំព្យូទ័រ រចនាផ្នែកខាងក្នុង ស្ថាបត្យកម្ម និងទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh៕