(ភ្នំពេញ)៖ ក្នុងជំនួបជម្រាបលា ជាមួយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា ប្រទេសឥណ្ឌានៅតែបន្តគាំទ្រដល់ការអភិវឌ្ឍ លើគ្រប់វិស័យរបស់កម្ពុជា និងបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋសភា បន្ទាប់ពីបញ្ចប់ក្នុងកិច្ចជំនួបខាងលើ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ។

លោក Naveen Srivastava ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងទៀតថា ឥណ្ឌានៅកម្ពុជា ប្រៀបដូចជាបងប្អូនបង្កើត ហើយក៏មានការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតសិទ្ធរវាងគ្នា។ លោកបន្តថា «ប្រទេសឥណ្ឌា បានផ្ដល់ឥទាន ឲ្យបានកាន់តែច្រើនទៅដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍនៅកម្ពុជា»

លោក Naveen Srivastava ក៏បានជួយជំរុញផ្នែកវិស័យហេដ្ឋារចនាសម្ពន្ធ័វិស័យកសិកម្ម ជួយអភិវឌ្ឍន៍ក្នុងការផ្ដល់ឥតទាន សម្រាប់ជួយអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ពន្ធ័ផ្នែកកសិកម្មនៅកម្ពុជាផងដែរ។

សម្ដេចពញាចក្រី ហេង សំរិន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក Naveen Srivastava ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ដែលបានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតសិទ្ធិជាមួយនឹងស្ថាប័ននិតិបញ្ញត្តិកម្ពុជា ជាមួយបណ្ដាលក្រសួង ស្ថាប័ន រាជធានីខេត្តក្រុង នានារបស់កម្ពុជាផងដែរ៕