(ភ្នំពេញ)៖ ថ្ងៃទី១ នៃការតាំងពិព័រណ៍ពាណិជ្ជកម្មថៃ «Thailand Products Expo 2017» ភ្ញៀវជាច្រើនកុះករ បាននាំគ្នាចូលសម្រុកចូលទិញទំនិញ ដែលពិព័រណ៍ពាណិជ្ជកម្មថៃនេះ ប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៨ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៩យប់ នាមជ្ឈមណ្ឌល តាំងពិព័រណ៍កោះពេជ្រ។
លោក យិន សុផា តំណាងក្រុមហ៊ុន Cambo Advertising ចំកាត់ បានថ្លែងឲ្យដឹងថា ពិព័រណ៍នេះមានការចូលរួមទាំងអស់ចំនួន២០០ក្រុមហ៊ុន និងមានស្ដង់សរុបចំនួន២៥០ស្ដង់ ដែលមានតាំងនូវទំនិញម្ហូបអាហារ, ភេសជ្ជៈ, សំលៀកបំពាក់, គ្រឿងអគ្គិសនី, គ្រឿងសំអាងុំ វត្ថុអនុស្សាវរីយ៍, សំភារៈប្រើប្រាស់ក្នុងផ្ទះ, និងទំនិញ OTOP ថៃ ដែលសុទ្ធសឹងជាទំនិញមានគុណភាពល្អ និងតម្លៃសមរម្យ។
លោកបន្ថែមថា ក្រៅពីការដាក់បង្ហាញ និងលក់ទំនិញ នៅក្នុងពិព័រណ៍នេះ មានរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ដើម្បីរកតំណាងចែកចាយទំនិញថៃ នៅកម្ពុជា។
ជាមួយគ្នានោះ លោក ភិប៊ូន ហាត់ថះកិច្ចកុស៊ុន អភិបាលខេត្តផេតចាក់ប៊ូន បានថ្លែងថា «ពិព័រណ៍ពាណិជ្ជកម្មនេះ រៀបចំឡើងដើម្បីបង្កើនសម្ព័ន្ធភាពពាណិជ្ជកម្មថៃ និងកម្ពុជា ហើយការរៀបចំពិព័រណ៍នេះ បានរៀបចំជាច្រើនដងមកហើយ ផលិតផលថៃដែលដាក់លក់នៅប្រទេសកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅកម្ពុជា»។
លោកបន្ដទៀតថា ការរៀបចំពិព័រណ៍នេះ គឺម្ចាស់ទំនិញបានយកទំនិញរបស់ខ្លួនដោយផ្ទាល់ មកដាក់លក់និងបង្ហាញនៅប្រទេសកម្ពុជា ដែលធានាបានទាំងគុណភាព និងសុវត្ថិភាពយ៉ាងពិតប្រាកដដោយមិនមានការក្លែងក្លាយ ឬក្លែងបន្ដំនោះឡើយ។ លោកថា «ខ្ញុំសង្កេតឃើញថា កម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយខ្ញុំមានជំនឿជឿជាក់ថា ការរៀបចំពិព័រណ៍នេះនឹងជួយបង្កើន នូវកិច្ចសហប្រតិបត្តិការណ៍ និងទំនាក់ទនងរវាងប្រទេសទាំងពីរ និងជួយបង្កើនភាពចំរើនផ្នែកសេដ្ឋកិច្ចដល់ប្រទេសទាំងពីរថែមទៀតផង»។
សូមបញ្ជាក់ថា ពិព័រណ៍នេះ បានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា ហើយប្រជាពលរដ្ឋអាចជ្រើសរើសទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ។
ការតាំងពិព័រណ៍នោះក៏មាន ការរៀបចំប្រគុំតន្រ្ដីដ៏ធំដែលមានតារាចម្រៀន និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនានាពេលយប់ ចាប់ពីម៉ោង៧យល់ដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ៕