(ភ្នំពេញ)៖ ព្រះចរណវិជ្ជា ចេម ធីរៈ ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកផែនការ និងហិរញ្ញវត្ថុ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសង្ឃដីកាថា សាកលវិទ្យាល័យនេះចង់ឲ្យសមណនិស្សិតទាំងអស់ មានចំណេះដឹងពិតប្រាកដ និងមានមូលដ្ឋានគ្រឹះលើផ្នែក សីលធម៌ គុណធម៌ ចរិយាធម៌ ដែលជាសម្បត្តិមួយឈានមុខគេ។
ព្រះចរណវិជ្ជា ចេម ធីរៈ មានសង្ឃដីកាបន្តថា នៅក្នុងគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ក៏មានមហិច្ឆិតាពង្រីកវិសាលភាព នៃការផ្តល់អាហារូបករណ៍ដល់ សមណនិស្សិត ក៏ដូចជា បងប្អូនសិស្សានុសិស្ស ដែលបានបញ្ចប់ថ្នាក់ វិទ្យាល័យរួចរាល់។
ព្រះចរណវិជ្ជា ចេម ធីរៈ មានសង្ឃដីកាបែបនេះ ខណៈព្រះអង្គចូលរួមនៅក្នុងពិធីជួបជុំ និងសំណេះសំណាលជាមួយសមណនិស្សិត និស្សិតថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ជិត១០០អង្គ/នាក់ ដើម្បីផ្សព្វផ្សាយបទបញ្ហាផ្ទៃ ក្នុងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅសាកលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ។
ព្រះសាកលវិទ្យាធិការរង នៃសាកលពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសង្ឃដីកាថា «គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ កំពុងគិតគូរបន្ថែមទៀត លើសមត្ថភាពរបស់សាស្រ្តចារ្យ នាពេលច្ចុប្បន្ននេះ សាស្រ្តចារ្យនៅតាម សាកលវិទ្យាល័យ នៅមានកម្រិតនៅឡើយ ដោយសារតែ យើងខ្វះខាតថវិកាឧបត្ថម្ភបន្ថែម និងបណ្តុះបណ្តាលគ្រូរបស់យើង បន្ថែមទៀតឲ្យមានសមត្ថភាពពេញលេញដើម្បីបណ្តុះបណ្តាល សមណនិស្សិត និងសិស្សានុសិស្ស»។
ព្រះចរណវិជ្ជា ចេម ធីរៈ មានសង្ឃដីកាបន្ថែមថា «សាកលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងពង្រឹងសមត្ថភាពសាស្រ្តចារ្យ ឲ្យមានស្តង់ដាខ្ពស់ ក៏ប៉ុន្តែទោះបីជាសាស្រ្តចារ្យ ការគ្រប់គ្រងល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏ទាមទារឲ្យសមណនិស្សិត និងសិស្សានុសិស្ស ខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត»។
សាកលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចាប់តាំងពីដំណើរការ រហូតក្លាយមកជាសាកលវិទ្យាល័យ ដែលមាន ការទទួលស្គាល់ដូចសព្វថ្ងៃនេះ គឺយើងបានចូលរួមពង្រឹង និងពង្រីកនៃការអប់រំទៅដល់ សមណនិស្សិតទាំងអស់ ឲ្យ បានទូលំទូលាយ និងធ្វើការពង្រីកវិសាលភាពបន្ថែមទៀត។
កាលពីពេលថ្មីៗនេះ ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការទទួលបន្ទុក នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសង្ឃដីកាថា គិតមកដល់ឆ្នាំសិក្សា ២០១៧-២០១៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទទួលបានសមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបទាំង៣ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងមានចំនួន១១៣៨អង្គ/នាក់ ក្នុងនោះ មានបព្វជិត៤៨៥អង្គ៕