(ព្រះសីហនុ)៖ មន្រ្តីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយរថយន្តដឹកកម្មកររោងចក្រ ចំរាញ់ប្រេងដូង ក្រឡាប់បណ្ដាលឲ្យកម្មករប្រុស-ស្រី ចំនួន២៣នាក់ រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅចំណុចភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។
មន្រ្តីនគរបាលដដែលរូបនេះ បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែ រថយន្តឈ្នួលដឹកកម្មករ ដាច់រ៉ូទីល កាច់ចង្កូតមិនបាន ក៏បណ្ដាលឲ្យធ្លាក់ប្រឡាយតែម្ដង។
បច្ចុប្បន្ន ជនរងគ្រោះទាំង២៣នាក់ខាងលើ ត្រូវបានអ្នកចាត់ការរោងចក្រ បញ្ជូនអ្នករបួស ទៅព្យាបាលនៅឯមន្ទីរពេទ្យ របស់ក្រុមហ៊ុន នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឺងហាវ៕