(ភ្នំពេញ)៖ អតីតកីឡាករប្រដាល់សេរីគុណខ្មែរមួយរូបគឺលោក ឯម ចាន់រស្មី បច្ចុប្បន្នបានក្លាយជាគ្រូបង្វឹកនៅ «ក្លឹបប្រដាល់និរោធមានជ័យ» បានទាក់ពាក្យសំដីជាមួយបុរសម្នាក់ទៀត ដែលជាជាងសំណង់ ស្នាក់នៅបន្ទប់ក្បែរគ្នា តាំងពីពេលល្ងាច ដល់ព្រឹកឡើងតតាំងគ្នាទៀត ដោយម្ខាងកាន់កាំបិត និងម្ខាងទៀតកាន់ដែកខ្នាំងអំពៅ រហូតបណ្ដាលឲ្យអតីតអ្នកប្រដាល់របួសដេរអស់៣០ថ្នេរ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្ទះជួល ម្តុំក្បែរសួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោក ឯម ចាន់រស្មីនោះ អាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្វឹកនៅ «ក្លឹបប្រដាល់និរោធមានជ័យ» បច្ចុប្បន្ន
ស្នាក់នៅបន្ទប់ជួលម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកជនដៃដល់ ឈ្មោះ កំសត់ អាយុជាង៣០ឆ្នាំ មុខរបរជាជាងសំណង់ស្នាក់នៅបន្ទប់ក្បែរគ្នា។
មន្ត្រីនគរបាលដដែលបានបន្តទៀតថា ដំណើររឿងនៅមុនពេលកើតហេតុ កាលពីក្បាលល្ងាចជនរងគ្រោះ និងជនបង្កបានអង្គុយផឹកស៊ី នៅក្នុងបន្ទប់រៀងៗខ្លួន លុះស្រវឹងរៀងៗខ្លួន ក៏បានឆ្លើយឆ្លងក្លែមពាក្យសំដីដាក់គ្នាទៅវិញទៅមក រហូតបានកើតចេញជាហិង្សាវាយតប់គ្នាមួយប្រាវ ដោយដៃទល់ និងដៃ ផ្អើលអស់អ្នកជិតខាងមកជួយអន្តរាគមន៍ ឃាត់ភាគីទាំងពីបញ្ចប់រឿងហើយនោះ បែបនៅមិនទាន់អស់ចិត្តដឹងចាញ់ឈ្នះ លុះព្រឹកឡើងថ្ងៃម៉ោងកើតហេតុខាងលើ ពួកគេតតាំងបើកឆាកប្រយុទ្ធម្តងទៀត ដោយម្ខាងកាន់កាំបិត និងម្ខាងទៀត កាន់ដែកខ្នាំងអំពៅ ប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម រហូតដល់អតីតអ្នកប្រដាល់បានរងរបួសបែកក្បាលដេរអស់៣០ថ្នេរ។
ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៕