(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ធនាគារ អេស៊ីលីដា ភីអីលស៊ី បានប្រកាសផ្លាស់ប្ដូរប័ណ្ណអេធីអឹម Magnetic stripe card ទៅជាប័ណ្ណអេធីអឹម EMV chip card វិញ ដើម្បីធានាសុវត្ថិភាពឲ្យកាន់តែខ្ពស់ជាងមុន និងការពារហានិភ័យក្នុងការក្លែងបន្លំ ចំពោះអតិថិជន។
ក្នុងពិធីប្រកាសផ្លាស់ប្ដូរខាងលើនេះ បានរៀបចំធ្វើឡើងនៅធនាគារកណ្តាលរបស់ អេស៊ីលីដា (ACLEDA) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងមានការចូលរួមពី អតិថិជន និងភ្ញៀវកិត្តិយសប្រមាណជិត១០០នាក់។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ យ៉ាងឆាប់រហ័សនៅប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងធានាឲ្យមានសុវត្ថិភាពខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូរប័ណ្ណអេធីអ៊ឹម Magnetic stripe card ទៅជា EMV Chip card ដែលជាប័ណ្ណប្លាស្ទីកអេឡិចត្រូនិចមានប្រព័ន្ធបទដ្ឋាន EMV ដែលមានន័យពេញថា Europay MasterCard and VISA ដែលធានាសុវត្ថិភាពខ្ពស់ ការពារហានិភ័យក្នុងការក្លែងបន្លំ និងអាចប្រើប្រាស់មុខងារបន្ថែមទៀតនាពេលអនាគត និងអាចតភ្ជាប់ជាមួយពិភពលោក»។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ អេស៊ីលីដា ភីអិលស៊ី មានប័ណ្ណអេធីអឹម ប្រភេទ Magnetic stripe ប្រហែល៨០ម៉ឺនប័ណ្ណ ដែលនឹងត្រូវនឹងជំនួសថ្មី ។ អតិថិជនទាំងអស់អាចទំនាក់ទំនងជាមួយការិយាល័យធនាគារ អេស៊ីលីដា ដែលនៅជិតបំផុតដើម្បីប្តូរយកប័ណ្ណដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ។
លោកប្រធាននាយកប្រតិបត្តិ លើកឡើងថា ប័ណ្ណអេធីអឹមEMV Chip ថ្មីនេះ អាចធ្វើប្រតិបត្តិការជាមួយ ទូATM ប្រហែល៤០០ នៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី និងម៉ាស៊ីនឆូតកាតប្រហែល៤ពាន់ នៅតាមទីតាំងដែលមានស្លាកសញ្ញា «ACLEDA Bank gold Dot» ដូចជានៅតាមទីផ្សារទំនើប, សាកលវិទ្យាល័យ, សណ្ឋាគារ, ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីធ្វើប្រតិបត្តិការទិញ ផលិតផល សេវាកម្ម ដកនិងដាក់សាច់ប្រាក់ ទូទាត់វិក្កយបត្រ, បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ, ពិនិត្យមើលសមតុល្យគណនី។ល។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឲ្យមានអារ្យភាវូបនីយកម្មទាន់សម័យ នូវសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង២៤ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជន និងអតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈហេដ្ឋារចនា សម្ព័ន្ធអេឡិចត្រូនិច ដែលភ្ជាប់បណ្តាញប្រតិបត្តិការ ទូទាំងសាកលលោក។ នៅដំណាច់ខែមេសា ឆ្នាំនេះ អេស៊ីលីដា មានកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ កំពុងបម្រើការនៅតាមបណ្តាសាខាចំនួន ២៦០ការិយាល័យ នៅទូទាំងប្រទេសកម្ពុជា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៤,៨២០ លានដុល្លារអាមេរិក ឥណទានសរុបចំនួន ២,៨០៤ លានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,២២៧ លានដុល្លារអាមេរិក។ ធនាគារ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត, អេស៊ីលីដា ស៊ីឃ្យូរឹធី ភិអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, អេស៊ីលីដា ប្រូភើធី និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា លីមីតធីត ហើយព្រមទាំងមានការិយាល័យតំណាងចំនួន១ នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ៕