(ព្រៃវែង)៖ បុរសជនជាតិវៀតណាមម្នាក់ ជាមួយថ្នាំប្រភេទគ្រាប់៩៩៩គ្រាប់ និងថ្នាំញៀនប្រភេទម្សៅប្រមាណ៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយចក្រីបង្រ្កាបបាន នៅច្រកទ្វារបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ខណៈជនសង្ស័យកំពុងជួញដូរគ្រឿងញៀន យកទៅចែកចាយបន្តទៀត នៅក្នុងប្រទេសកម្ពុជា។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត សហការជាមួយកម្លាំងច្រកទ្វារអន្តរជាតិបន្ទាយចក្រី ចាប់បាននៅល្ងាច ម្សិលមិញ។
បើតាមលោកស្នងការ ជនសង្ស័យមានឈ្មោះ ង្វៀង វាំងភុក អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរបើកបររថយន្តឈ្នួល ពីបន្ទាយចក្រី ទៅភ្នំពេញមានទីលំនៅ ភូមិធី ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួន មកសួរនាំបន្តទៀត នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមច្បាប់៕