(បាត់ដំបង)៖ «សូមបន្តជួយគាំទ្រផលិតផលខ្មែរថែមទៀត ព្រោះបើចង់ឲ្យផលិតផលជាតិរស់ សូមកុំឆ្ងាញ់តែរសជាតិផលិតផលបរទេស!!!»។ នេះគឺជាសារអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅកាន់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសបើក ព្រឹត្តិការពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា នៅឯបរិវេណវាលបែកចាន ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផល របស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរ បរទេសដែលចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
«ក្រសួងពាណិជ្ជកម្ម មានភារកិច្ចស្វែងរកទីផ្សារថ្មីៗសម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ក៏ប៉ុន្តែផលិតករ និងសហគ្រិនទាំងអស់ ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញ នាំចូលពីបរទេស»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។
លោក ប៉ាន់ សូរស័ក្តិ បានបន្ថែមថា «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ បើសិនជា ផលិតករ និងសហគ្រិនយើងអាចធ្វើបាន ព្រោះនេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី ដែលយើងទាំងអស់គ្នា ត្រូវតែទទួលស្គាល់»។
ក្រោមកិច្ចសហការពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា និងក្រុមហ៊ុន ទូរស័ព្ទចល័តស្មាតម៉ូប៊ីល ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ នឹងត្រូវរៀបចំក្នុង រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ ពិព័រណ៍នេះ បានទាក់ទាញការចូលរួមពីសហគ្រាស ធុនតូច-ធុនមធ្យម មកពីគ្រប់រាជធានី-ខេត្តចំនួន ១២០ស្តង់ ដែលមានដាក់តាំងលក់ទំនិញប្រភេទម្ហូបអាហារ ភេសជ្ជៈ បន្លែ ផ្លែឈើ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ស្ទើរគ្រប់ប្រភេទ៕