(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញនូវសេចក្តីថ្លែងការណ៍ជាផ្លូវការច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់អង្គការខុមហ្វ្រែល ដែលថា កងទ័ពអាចធ្វើឲ្យអសន្តិសុខសង្គម ពេលបោះឆ្នោត និងបានស្នើឲ្យ គ.ជ.ប ព្រមានដល់កងទ័ពទៀតផង។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននាមុននេះបន្តិច បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ខុមហ្វ្រែល គឺជាការបង្គាប់មកលើ កងយោធពលខេមរភូមិន្ទ គឺជាការលាបពណ៌ និងប្រមាថមាក់ងាយដល់កិត្តិយស តួនាទី និងភារកិច្ចរបស់កងទ័ពកម្ពុជា ដែលក្រសួងការពារជាតិ មិនអាចទទួលយកបានឡើយ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីថ្លែងការណ៍របស់ សមាគម និងអង្គការសង្គមស៊ីវិលនៅកម្ពុជា នៃបន្ទប់ស្ថានការណ៍ សម្រាប់ការបោះឆ្នោតគឺមានចេតនាញុះញង់ និងលាបពណ៌មកលើកងយោធពលខេមរភូមិន្ទ និងជាការប្រមាថមាក់ងាយ ដល់កិត្តិយស តួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។ សេចក្តីថ្លែងការណ៍ ដោយបង្គាប់បញ្ជា មកលើកងយោធពលខេមរភូមិន្ទ គឺជាការរំលោភដ៏ធ្ងន់ធ្ងរ មកលើកងយោពលខេមរភូមិន្ទ ដែលមិនអាចទទួលយកបានឡើយ»។
ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីអង្គការខុមហ្វ្រែល រួមជាមួយនឹង សមាគម និងអង្គការសង្គមស៊ីវិលនៅកម្ពុជា នៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធ អំពាវនាវឱ្យ គ.ជ.ប ព្រមានទៅលើមន្រ្តីកងយោធពលខេមរមភូមិន្ទ ដែលបានប្រកាសចាត់វិធានការលើបង្រ្កាបចំពោះ ការបង្កអសន្តិសុខសង្គម នៅអំឡុងពេលបោះឆ្នោត។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានសម្តែងការ ព្រួយបារម្ភ អំពីផលប៉ះពាល់ដល់ ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំពោះសារព្រមានរបស់ មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាពេលនេះ។
ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាព និងអនុសាសន៍របស់មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទកន្លងមក មិនប៉ះពាល់ដល់ការបោះឆ្នោតទេ វាជាការជំរុញដល់ការការពារសន្តិសុខសម្រាប់ការបោះឆ្នោតនៅកម្ពុជា ដោយមិនឱ្យជនណាកេងយកឱកាសនេះ បង្កអសន្តិសុខ បំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរឡើយ។
បើតាមក្រសួងការពារជាតិ មន្រ្តីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ គឺជាការតម្រង់ឆ្ពោះទៅរកអ្នកដែលព្យាយាម បំផ្លាញសន្តិភាព និងបង្កើត បដិវត្តពណ៌នៅកម្ពុជា។ លោកថ្លែងថា កងទ័ពកម្ពុជា មិនគាំទ្រចំពោះទង្វើខុសច្បាប់ឡើយ មិនមែនត្រឹមតែចំពោះកងទ័ពនោះទេ បើក្នុងករណីមានជន ទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់របស់គ.ជ.ប ជនទាំងឡាយមានសិទ្ធិប្តឹងតវ៉ា ទៅគ្រប់ស្ថាប័នមានសមត្ថកិច្ច៕