(ភ្នំពេញ)៖ ទឹកប្រាក់ប្រមាណជាង៥ម៉ឺនដុល្លារ តាមរយៈសកម្មភាពនៃការរៃអង្គាសពីមូលនិធិ CTN ពីតាមបណ្ដាខេត្តនានា របស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាប្រធានផលិតកម្មវិធី ប្រចាំក្នុងស្ថានីយទូរទស្សន៍ CTN ត្រូវបាននាំយកទៅប្រគល់ជូន មន្ទីរពេទ្យ «គន្ធបុប្ផា» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាសកម្មភាពមនុស្សធម៌មួយ ត្រូវបានក្រុមកំប្លែង CTN តែងតែធ្វើការងារនេះជាប្រចាំ។
ថ្លែងនៅក្នុងពិធីប្រគល់ថវិកា ជូនមន្ទីរពេទ្យ គន្ធបុប្ផា លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានឲ្យដឹងថា ថវិកានេះ គឺជាថវិកាដែលបានមកតាមរយៈក្រុមការងាររបស់លោក បានរៃអង្គាសពីសប្បុរសជននានា តាមបណ្ដាខេត្តផ្សេងៗ និងសមាគមខ្មែរនៅអាមេរិក ហើយនេះមិនមែនជាលើកទី១ទេ ដែលក្រុមការងាររបស់លោកជូនថវិកា ដល់មន្ទីរពេទ្យ គន្ធបុប្ផា ខណៈដែលកន្លងមក មូលនិធិ CTN ក៏តែងតែនាំយកមកប្រគល់ជូន មន្ទីរពេទ្យ ដែលកំពុងជួបប្រទះនូវការខ្វះខាតនេះផងដែរ។
លោក សុវណ្ណ រិទ្ធី បានបន្តទៀតថា លោកសូមអំពាវនាវ ដល់សប្បុរជនមេត្តាជួយដល់សកម្មភាពនេះ ឲ្យកាន់តែខ្លាំងក្លា ប្រយោជន៍ដើម្បីជួយដល់ មន្ទីរពេទ្យកុមាដ៏ធំមួយនេះ ឲ្យមានដំណើរការដោយរលូន ជាពិសេសអ្នកសិល្បៈ ដែលសកម្មភាពរបស់ពួកគេ អាចមានការទាក់ទាញខ្លាំង ពីសំណាក់មហាជន។
សូមបញ្ជាក់ថា ពិធីប្រគល់ថវិកាជាង៥ម៉ឺនដុល្លារ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ក្រុមការងារ ដែលជាតារាកំប្លែង ប្រចាំក្នុងស្ថានីយទូរទស្សន៍ CTN ជាច្រើននាក់ផងដែរ៕