(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាល សួរសុខទុក្ខសមាជិកសមាជិកា នៃមហាគ្រួសារគណបក្សប្រជាជនចំនួន១៧០០នាក់ មកពីសង្កាត់កោះពងសត្វ សង្កាត់ព្រះពន្លា សង្កាត់ភ្នៀត នៃក្រុងសិរីសោភ័ណ ក្នុងបរិវេណទីស្នាក់ការបក្សខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ទោះនៅទីណាក៏ដោយ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ យុវជន និងនិស្សិ នៅខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទំនុកចិត្ត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិទាំងការបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាពិសេសបានចូលរួមថែរក្សាសន្តិសុខ សណ្តាប់សាធារណ: និងសមិទ្ធិផលនានា ដែលកើតពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់ គ្មានបាតដៃគណបក្សប្រឆាំងទេ។
ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ ដែលមានសិទ្ធិ និងឯកសារសម្រាប់បោះឆ្នោតអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីរួមដំណើរជាមួយគ្នាឆ្ពោះទៅធ្វើការអភិវឌ្ឍមូលដ្ឋាន ឃុំ-សង្កាត់បន្តកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធ ទឹក ភ្លើង ប្រពន្ធ័ធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធសង្គមថែមទៀត៕