(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបន្តប្រតិបត្តិការចាប់ខ្លួន ក្រុមក្មេងទំនើងអុកឡុកតាមមូលដ្ឋានចំនួន១០នាក់ ក្នុងនោះមានរហូត ដល់៩នាក់ទៅហើយ ដែលរកឃើញថា មានសារធាតុញៀនក្នុងខ្លួន ដែលនាំឲ្យមានការប៉ះពាល់ដល់ សន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសនោះ គឺក្រុមភ្ញៀវទេសចរតែម្តង ដែលក្រុងសៀមរាបពោរពេញ ដោយក្រុមភ្ញៀវទេសចរបរទេសមកលេងកំសាន្ត ប្រាសាទអង្គវត្ត។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះថា «នៅយប់មិញ និងព្រឹកទាបភ្លឺ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអន្តរាគម៍ កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងនគរបាល ប៉ុស្តិ៍ស្វាយដង្គុំ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង តាមមាត់ស្ទឹង ម្តុំព្រះអង្គចេក ព្រះអង្គចម និងនៅសួច្បារអ៊ុងអឿនបានចំនួន១០នាក់ ស្រី២នាក់ ខ្ទើយ២នាក់ប្រុស៦នាក់។ ជាលទ្ធផល ក្រោយការស្រាវជ្រាវ និងធ្វើតេស្តរកសារធាតុញៀនរកឃើញថា មានផ្ទុកសារធាតុញៀនចំនួន៩នាក់។ ចំណែកខ្ទើយម្នាក់ទៀត មិនមានសារធាតុញៀនទេ និងបទល្មើសព្រហ្មទណ្ឌទេ ដូចនេះយើងបានធ្វើសាវតាក្មេងទំនើង ហើយធ្វើការអប់រំឲ្យទៅផ្ទះវិញ»។
បើតាមលោកស្នងការ ចំណែកក្មេងទំនើងទាំង៩នាក់ទៀត ដែលមានផ្ទុកនូវសារធាតុញៀន យើងបានបញ្ជូនបន្តឲ្យការិយាល័យប្រឆាំងគ្រឿងញៀន ចាត់ការតាមច្បាប់ ដោយគ្មានការលើកលែងនោះទេ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា «ខ្ញុំបានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធ ត្រូវតែបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបាន ហើយយើងត្រូវធ្វើដូចភ្លៀងរលឹម។ ហើយស្នងការរង នាយការិយាល័យពាក់ព័ន្ធ ប្រធាន BOX អធិការក្រុង-ស្រុក ត្រូវបង្កើនស្មារតីក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ហើយពាក់ព័ន្ធការងារបោះឆ្នោត ត្រូវរាយការណ៍ជាបន្ទាន់»៕