(ភ្នំពេញ)៖ បន្ទាប់ពីវិទ្យុអាស៊ីសេរីកាលពីយប់មិញ បានចេញផ្សាយនូវឯកសារបែកធ្លាយមួយអំពីការបង្កើតក្រុមការងារបណ្តាញព័ត៌មាន Cyber War Room (CWR) កាលពីឆ្នាំ២០១៣ របស់មន្រ្តីបក្សកាន់អំណាច ដើម្បីវាយប្រហារគណបក្សប្រឆាំង, ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា វិទ្យុអាស៊ីសេរី កំពុងចូលរួមបំពេញបំណងទុច្ចរិតរបស់ Hacker ព្រោះថា អ៉ីម៉ែលរបស់លោកត្រូវបាន Hacker លួចចូលគ្រប់គ្រងតាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុរដ្ឋលេខាធិការ ដដែលរូបនោះ បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះថា «ដោយទទួលបានដំណឹងថា ក្នុងកាលៈទេសៈដែលគណនី Email របស់ខ្ញុំត្រូវបានលួច និងគ្រប់គ្រងដោយជនទុច្ចរិតតាំងពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ជននេះបានប្រើគណនី Email របស់ខ្ញុំនេះបញ្ជូននូវទិន្នន័យព័ត៌មានមួយចំនួនទៅកាន់បណ្តាញសារព័ត៌មានមួយចំនួន ក្នុងគោលបំណងឲ្យបណ្តាញព័ត៌មានទាំងនោះ ជួយបន្តផ្សព្វផ្សាយនូវអ្វីដែលជាគោលបំណងទុច្ចរិតរបស់ខ្លួន»។
លោក គឹម សន្តិភាព បានបន្តបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថា ជនទុច្ចរិតអាចលួចចូលគ្រប់គ្រងគណនីអីម៉ែលរបស់ខ្ញុំ ហេតុនេះជននេះក៏អាចបំផ្លាញ ឬកែប្រែនូវទិន្នន័យព័ត៌មានទាំងនោះផងដែរ ក្នុងចេតនាទុច្ចរិតដើម្បីបង្កើតអោយមានការភ័ន្តច្រលំណាមួយដោយការកែឆ្នៃប្រឌិតទិន្នន័យទាំងនោះ ហើយយកទៅ ផ្សព្វផ្សាយ។ នារាត្រីថ្ងៃទី២៥ ខែឧសភា វិទ្យុអាស៉ីសេរីបានធ្វើការផ្សព្វផ្សាយយ៉ាងលំអិតអំពីខ្លឹមសារនៃសាររបស់ជនទុច្ចរិត ទោះបីជាខ្លួនដឹងច្បាស់ថា សារទាំងនេះបញ្ជូនមកពីជនទុច្ចរិតក៏ដោយ ដែលនេះបញ្ជាក់បានថា ចង់មិនចង់វិទ្យុអាស៊ីសេរីបានចូលរួមជួយបំពេញ នូវគោលបំណងទុច្ចរិតរបស់ Hacker»។
«ក្នុងស្ថានភាពបែបនេះ វិទ្យុអាស៊ីសេរីត្រូវផ្តល់នូវភស្តុតាងនានាទាក់ទងនឹងការទទួលបានសារពីជនទុច្ចរិតទាំងនោះ ដល់សមត្ថកិច្ច ព្រោះវាជាភស្តុតាង សំខាន់ដែលអាចមានប្រយោជន៍ច្រើនដល់សមត្ថកិច្ច ក្នុងការស្វែងរកអត្តសញ្ញាណ ក៏ដូចជាទីតាំងរបស់ជនទុច្ចរិត និងអ្នកពាក់ព័ន្ធទាំងឡាយនោះ។ ក្រៅពីនេះ ខ្ញុំក៏សូមអំពាវនាវដល់បណ្តាញសារព័ត៌មានដទៃ សូមកុំចូលរួមបំពេញនូវបំណងរបស់ជនទុច្ចរិកដូចវិទ្យុអាស៊ីសេរី និងសូមមេត្តាចូលរួមផ្តល់ភស្តុតាងនានា ដែលទាក់ទងនឹងជនទុច្ចរិត Hacker ដល់សមត្ថកិច្ចដើម្បីស្វែងរកជនដៃដល់ និងអ្នកពាក់ទាំងឡាយក្នុងរឿងនេះមកទទួលខុសត្រូវចំពោះមុខច្បាប់។ អំពើទុច្ចរិតទាំងនេះជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ រីឯអ្នកបំផ្លាញឯកសាដែលនាំឲ្យមានឧបសគ្គក្នុងការស្វែងរក ជនទុច្ចរិតទាំងនេះក៏នឹងត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌផងដែរ»! នេះជាសម្តីអះអាងបន្ថែមរបស់លោក គឹម សន្តិភាព។
សូមជំរាបថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសម្រេចដាក់ពាក្យប្តឹងទៅកាន់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីតាមចាប់ខ្លួន អ្នកលួចចូលគ្រប់គ្រង (Hack) Facebook Page របស់ក្រសួងយុត្តិធម៌ និង Facebook Page របស់លោកផ្ទាល់ផងដែរឈ្មោះ «Kim Santepheap-គឹម សន្តិភាព»។
នៅក្នុងពាក្យបណ្តឹងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរថា៖ «សុំកិច្ចអន្តរាគមន៍ស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលបានលួចចូលគ្រប់គ្រងគណនីបណ្តាញសង្គម Facebook Page របស់ក្រសួងយុត្តិធម»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រកាសថា ក្រោយពី Facebook Page របស់ក្រសួងយុត្តិធម៌ ត្រូវបានក្រុមជនអនាមិក Hack យកគ្រប់គ្រង, ឃើញ Page នេះបាននឹងកំពុងផ្សព្វផ្សាយសកម្មភាពរបស់ CNRP ពោលគឺ Facebook Page របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោក គឹម សន្តិភាព បានប្រកាសជូនសាធារណជនឲ្យដឹងថា ក្រសួងមិនទទួលខុសត្រូវលើ Facebook របស់ក្រសួងយុត្តិធម៌ ទៀតឡើយ ព្រោះកំពុងស្ថិតក្រោមដៃរបស់ជនអនាមិក៕