(រតនគិរី)៖ ចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋស្រុកអណ្តូងមាស គឺផ្លូវលំក្រាលគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងផ្លូវកៅស៊ូប្រភេទDBST ប្រវែង៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់បន្ត។
ពិធីសម្ពោធ និងបើកការដ្ឋានសាងសង់ នេះធ្វើឡើងនៅថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្តរតនគិរី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋនៅក្នុងស្រុក។
លោក ឃេន សានិត អភិបាលស្រុកអណ្តូងមាស បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ស្រុកអណ្តូងមាសទទួលបានសមិទ្ធផលជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាលក្រោមការគិតគូរពីលោកអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត សមិទ្ធផលធំៗ ផ្នែកហេដ្ឋារចនាសម្ព័ន្ធមានផ្លូវកៅស៊ូតភ្ជាប់ពីឃុំកិះចុង ស្រុកបរកែវ មកស្រុកអណ្តូងមាស ដែលបានសាងសង់រួច និងកំពុងបន្តបើកការដ្ឋានសាងសង់បន្តនាថ្ងៃនេះ ប្រវែង៥គីឡូម៉ែត្របន្ថែមទៀត ស្ពានតេជោសេសាន្ត ត្រូវបានរៀបចំបន្តសាងសង់ដើម្បីឲ្យ ប្រជាពលរដ្ឋបានឆ្លងកាត់ និងសមិទ្ធផលផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងទីរួមស្រុក និងនៅតាមបណ្តាមូលដ្ឋានភូមិ ឃុំ មួយចំនួនទៀត។ បន្ថែមពីនេះសាលារៀន មណ្ឌលសុខភាព បណ្តាញអគ្គិសនី ត្រូវបានតភ្ជាប់ជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ថង សាវុន សម្តែងនូវក្តីសោមនស្សជាមួយប្រជាពលរដ្ឋ នៅស្រុកអណ្តូងមាសដែលទទួលបានសមិទ្ធផល បន្តបន្ទាប់ពីរាជរដ្ឋាភិបាល សំដៅប្រែក្លាយពីទីជនបទដាច់ស្រយ៉ាល ផ្សារភ្ជាប់ទៅកាន់ទីប្រជុំជននានា ជំរុញកំណើនសេដ្ឋកិច្ច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ។
អភិបាលខេត្តរូបនេះបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ មិនមែនជាការសន្យាណាមួយនោះទេ តែវាជាគម្រោងផែនការអភិវឌ្ឍន៍ត្រឹមត្រូវរបស់ខេត្ត ក្នុងគោលដៅបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ហើយបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកអណ្តូងមាស ត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍សាធារណៈទាំងអស់នេះ និងត្រូវកែប្រែឥរិយាបថ នៃការរស់នៅដោយភាពថ្លៃថ្នូរ មានសណ្តាប់ធ្នាប់ និងអនាម័យគ្រប់ក្រុមគ្រួសារ៕