(កណ្តាល)៖ លោកឧញ៉ា លី សេងឃាង បានអញ្ចើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល តាមសំណើររបស់គណៈពង្រឹងបក្ស បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំកសាងផ្លូវមួយខ្សែ ដែលសព្វថ្ងៃកំពុងរងការខូចខាត មានភក់ គ្រហុកធំៗ ពិបាកធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសរដូវវស្សាតែម្ដង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ពិតជាពិបាកធ្វើដំណើរណាស់ ព្រោះពេលភ្លៀងធ្លាក់បែកភក់ និងមានថ្លុកទឹកគ្រប់កន្លែង ធ្វើឲ្យប្រជាពលរដ្ឋពិបាកចេញទៅរកស៊ី ជាពិសេសកូនសិស្សពិបាកដើរទៅសាលារៀន ពេលខ្លះក៏មានរអិលដួលប្រឡាក់សម្លៀកបំពាក់ផងដែរ បញ្ហាទាំងនេះហើយ ទើបប្រជាពលរដ្ឋស្នើសុំតាមរយៈអាជ្ញាធរឃុំស្វាយជ្រុំ ជួយកសាងផ្លូវមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ទុកលំបាករបស់ពូកគាត់។

បន្ទាប់ពីមានការស្នើសុំ និងមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោកឧញ៉ា លី សេងឃាង បានយល់ព្រមផ្ដល់ផ្លូវចាក់ថ្មមួយខ្សែ ដែលមានទទឹង៦ម៉ែត្រ និងបណ្ដោយ៦៧០ម៉ែត្រ ក៏ជាផ្លូវទី៣ផងដែរ បន្ទាប់ពីបានកសាងផ្លូវទី២ មានទទឹង២០ម៉ែត្រ និងបណ្តោយ១,៧០០ម៉ែត្រ ចំណាយទឹកប្រាក់អស់ជាង១លានដុល្លារ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា សម្រាប់ជូនប្រជាពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ ខេត្តកណ្ដាលនេះ ដោយមិនគិតពីនិន្នាការនយោយបាយអ្វីឡើយ។

លោក ម៉ី វ៉ាន់ ប្រធានគណៈពង្រឹងឃុំស្វាយជ្រុំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានគម្រោងយូរហើយ តាមសំណើប្រជាពលរដ្ឋ ប៉ុន្តែដោយសារឃុំមិនមានលទ្ធភាពគ្រប់គ្រាន់ ស្របពេលដែលលោកឧញ៉ាបានឃើញនូវទុក្ខលំបាកបែបនេះ ក៏បានពិភាក្សាជាមួយគណៈពង្រឹងឃុំ ស្រុក ដើម្បីស្ថាបនាផ្លូវនេះទ្បើងវិញ។

លោកបានបន្ថែមថា លោកឧញ៉ា លី សេងឃាង មិនត្រឹមតែសាងសង់ផ្លូវមួយខ្សែ ក្នុងភូមិលើនេះទេ លោកថែមទាំងបានកាត់ដីរបស់ខ្លួន ដើម្បីធ្វើផ្លូវរួមសាធារណៈមួយខ្សែទៀត ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ មិនដូចសារព័ត៌មានមួយចំនួនចុះផ្សាយថា លោកឧកញ៉ា រំលោភដីប្រជាពលរដ្ឋ ដែលផ្ទុយពីការពិតនោះទេ។

ជាមួយគ្នានេះដែរ លោកស្រី ងួន សុខា អនុប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ក្នុងការអភិវឧ្ឍក្នុងស្វាយជ្រុំនេះ ឃើញថា ប្រជាពលរដ្ឋមានសេចក្ដីត្រេកអរ និងសាទរជាខ្លាំងនូវសមិទ្ធផលផ្សេងៗ ដែលបានកើតទ្បើងដោយសារការខិតខំប្រឹងប្រែងរបស់គណៈពង្រឹងឃុំ និងអាជ្ញាធរមូលដ្ឋាន ហើយឥទ្បូវនេះ ក៏មានការជួយឧបត្ថម្ភពីលោកឧញ៉ា លី សេងឃាង ធ្វើឲ្យប្រជាពលរដ្ឋនឹងទទួលបានផ្លូវមួយខ្សែ ក្នុងភូមិខាងលើនេះ ដែលអាចជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរផ្សេងៗ ហើយក្នុងនាមលោកស្រីតំណាងឲ្យប្រជាជនក្នុងឃុំស្វាយជ្រុំ ក៏ដូចជាក្នុងខ្សាច់កណ្ដលទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ដែលបានយកចិត្តទុកដាក់ និងខិតខំជួយអភិវឧ្ឍន៍ក្នុងឃុំស្វាយជ្រុំ

ប្រជាពលរដ្ឋភូមិលើ បានសម្ដែងការសាទរជាខ្លាំងនូវទឹកចិត្តលោកឧញ៉ា លី សេងឃាង ដែលបានជួយកសាងផ្លូវមួយខ្សែនេះ ជូនពួកគាត់ព្រមទាំងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ហើយសង្ឃឹមយ៉ាងមុតមាំថា ពេលផ្លូវមួយខ្សែនេះ លិចជារូបរៀងទ្បើង ពួកគាត់នឹងលែងលំបាកក្នុងការធ្វើដំណើរទៅមកទៀត ហើយសន្យាថា នឹងថែរក្សាផ្លូវនេះឲ្យបានគង់វង់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់គណៈពង្រឹងឃុំ និងលោកឧញ៉ា លី សេងឃាង៕