(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យ និងពង្រឹងការងារបក្សប្រជាជនជនកម្ពុជា ដើម្បីយកឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
នាយឧត្តមសេនីយ៍ម៉ា ឈឿន បានថ្លែងផងដែរថា «សូមឲ្យបងប្អូនសមាជិក-សមាជិកាទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ដែលជាដៃស្ដាំ និងជាបេះដូង របស់គណបក្ស ដើម្បីឈានទៅរកភាពជោគជ័យ ត្រូវតែយកចិត្ដទុកដាក់ខ្ពស់ ក្នុងការអនុវត្ដន៍ការងារ ដែលថ្នាក់ដឹកនាំ បានដាក់ជូន ដែលភាពចាំបាច់បំផុត នោះគឺបន្ដបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យបានច្បាស់លាស់ ពីកង្វះខាត សំណូមពរផ្សេងៗដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយកភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ» ។
នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយ សាធារណៈ អនុវត្ដឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព បន្ដជម្រុញកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ដ ខិតខំដោះស្រាយឲ្យបានល្អ នូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណា ឲ្យសមិទ្ធិផលនានា ដែលយើង បានកសាងទាំងអស់នេះ បានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេសគ្មានសង្គ្រាម ឲ្យប្រជាពលរដ្ឋរងទុក្ខនោះឡើយ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែប្រឹងប្រែងទោះក្នុងកាលៈទេសៈណាក៏ដោយ៕