(ភ្នំពេញ)៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ គេឃើញលោក កឹម សុខា បង្ហាញវត្តមានដើរឃោសនាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ហើយក្នុងយុទ្ធនាការឃោសនានោះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ប្រកាសក្ដែងៗប្រាប់ពលរដ្ឋថា ប្រាក់ខែមន្ដ្រីរាជការកើនឡើង ថ្លៃអគ្គិសនីថយចុះ និងសេវាសាធារណៈផ្សេងៗទៀតនោះ គឺកើតចេញពីការទាមទាររបស់គណបក្សប្រឆាំងមួយនេះ។ (សូមស្តាប់ប្រសាសន៍ខាងលើ)
ពាក់ព័ន្ធនឹងការហួតក្ដែងៗ និងបោកប្រាស់បែបនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានព្រលះខ្លាំងៗ ទៅថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះថា កុំយកសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់សម្ដេច ទៅបោកប្រាស់ និងភូតភរ ប្រជាពលរដ្ឋឲ្យសោះ ព្រោះការតម្លើងប្រាក់ខែនេះវាសិទ្ធិអំណាចរបស់នាយករដ្ឋមន្ដ្រី ហើយសម្ដេចក៏បានចោទសួរ «តើលោកខ្មាស់គេទេ» ទាំងដែលខ្លួនមិនទាន់ បានដោះស្រាយការសន្យាកាលពីឆ្នាំ២០១៣រួចផង។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនគ្រឹស្តបរិស័ទ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា
«ខ្ញុំសូមផ្ដាំទៅលោក កឹម សុខា លោកបាននិយាយថា បក្សកាន់អំណាចធ្វើតាមការទាមទាររបស់លោកអំពីប្រាក់ខែ និងអំពីថ្លៃភ្លើង លោកត្រូវចាំឲ្យច្បាស់ សិទ្ធិអំណាចសម្រេច គឺជាសិទ្ធិរបស់បក្សកាន់អំណាច ហើយជាសិទ្ធិរបស់នាយករដ្ឋមន្ដ្រី មិនមែនជាសិទ្ធិរបស់លោកទេ លោកសន្យាអីសន្យាទៅ តើលោកដោះស្រាយបានអា៤ម៉ឺនរៀលចាស់ៗអាយុ៦៥ឡើងទេ លោកពិនិត្យមើលខ្លួនឯងទៅ។ ហេតុអ្វីលោកថាឥឡូវប្រាក់ខែឡើងដល់១លានហើយ គឺធ្វើតាមលោក តែ១លានលោកឯងឲ្យគេឡើងនៅឆ្នាំ២០១៣ លោកយល់ទេសម្ដីរបស់លោក លោកថា២០១៣បើលោកឈ្នះ ក្នុងពេលនោះលទ្ធភាព ថវិកាវាអត់មានលទ្ធ តែនេះគេ២០១៧ទៅហើយ លោកកុំឈ្លៀតយកចំណេញពី សមិទ្ធផលរបស់គណបក្សប្រជាជនដែលដឹកនាំ រាជរដ្ឋាភិបាលឲ្យសោះ។ អគ្គិសនីលោកចង់អនុវត្តរបៀបណាគឺជារឿងរបស់លោក ចាំលោកឈ្នះសិន តើលោកខ្មាស់គេទេ»។
ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការឃោសនាបោកប្រាស់បែបនេះ របស់លោក កឹម សុខា គឺជាការបញ្ឆេះកំហឹង ដល់អ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយសម្ដេចបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ណែនាំដល់មេបក្សប្រឆាំងរូបនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា៖ «គេថាយើងបានធ្វើតាមគេទាមទារមកពីគណបក្សប្រឆាំងទាមទារ ទើបយើងតម្លើងប្រាក់ខែ មកពីគណបក្សប្រឆាំង ទាមទារបានថ្លៃភ្លើងចុះ ប៉ុន្ដែឥឡូវមេបក្សរបស់គេបានចេញមកហើយ សូមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តម្រែតម្រងទិសជាមួយនឹងការនិយាយ បែបនេះ ដែលនាំទៅដល់ការបញ្ជេះកំហឹង នៅក្នុងពេលវេលា នៃយុទ្ធនាការបោះឆ្នោត»។
សម្ដេច ហ៊ុន សែន បានប្រាប់ទៅគណបក្សនយោបាយទាំងអស់ថា ឃោសនាបែបណាក៏ដោយ ប៉ុន្ដែមិនត្រូវឃោសនាបង្អាប់គណបក្សដ៏ទៃ ដើម្បីតែប្រយោជន៍ខ្លួនឯងនោះទេ, សម្ដេចថា «ទៅអួតខ្លួនឯងទៅអួតយ៉ាងមិចអួតទៅ តែកុំយករបស់គេទៅអួត ហើយកុំបង្អាប់របស់គេតើបានទេ? សម្រាប់គណបក្សប្រជាជន យើងមិនបានរើសអើងបក្សធំបក្សតូចនោះទេ ទោះបីគេបន្ទោសបង្អាប់យ៉ាងណាក៏ដោយ សូម្បីតែពេលចុះឈ្មោះហើយ ពិនិយ្យសុពលភាពនៃបញ្ជីបោះឆ្នោតហើយ គេនៅបន្ទោសបង្អាប់យើងថាយើង មិនចង់បោះឆ្នោតទេព្រោះខ្លាចចាញ់ ចុះបញ្ជីបេក្ខជនហើយគេនៅឃោសនាបែបនេះទៀត ឥឡូវកំពុងតែដំណើរការឃោសនា ដល់ទៅពេលបោះឆ្នោតពិតប្រាដករួចហើយ»។
ឆ្លើយតបជាមូយការ ប្រមាថ និងការយកសមិទ្ធផលរបស់រាជរដ្ឋាបាលទៅបោកប្រាស់ប្រជាពលរដ្ឋ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានចោទជាសំនួរថា តើលោក (កឹម សុខា) នឹងត្រូវសុំទោសទេ បើលោកជាអ្នកទទួលខុសត្រូវ ចិត្តជាកូនប្រុស។
សម្ដេចបានលើកឡើងថា «ក្នុងឋានៈជាគណបក្សដែលគ្រប់គ្រងរដ្ឋ យើងដំណើរការប្រជាធិបតេយ្យដោយទៀតទាត់ ហើយក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ដ្រី ខ្ញុំបានប្រកាសកាលបរិចេ្ឆទ នៃការបោះឆ្នោតតាំងជិត១ឆ្នាំមុននោះ ដើម្បីឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀបចំ ហេតុអ្វីទៅបានអស់លោក (កឹម សុខា) នាំគ្នាបន្ទោសបង្អាប់ ឥឡូវការបន្ទោសបង្អាប់របស់លោក បានខុសហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតការបោះឆ្នោត នឹងមកដល់ តើអស់លោកនឹងត្រូវធ្វើការសុំទោសចំពោះការដែលខ្លួនបាននិយាយខុសទេ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនថាខ្មែរ មិនថាបរទេសទេ ប៉ុន្ដែពេលណាក៏ដោយគេតែងតែបំពានមករាជរដ្ឋាភិបាល និងគណបក្សប្រជាជន ហើយនៅពេលដែលកម្ពុជា ប្រើប្រាស់ច្បាប់ក្រុមប្រឆាំងទាំងនោះតែងតែនិយាយថា ជាការគាប់សង្កត់ខាងនយោបាយទៅវិញ ហេតុដូច្នេះហើយសម្ដេចបាន ផ្ដាំផ្ញើដល់ប្រជាជនកម្ពុជាទាំងអស់វិនិច្ឆ័យឲ្យបានច្បាស់អំពីបញ្ហានេះ៕