(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរប្លន់៣នាក់ ក្រោយធ្វើសកម្មភាពប្លន់បានសម្រេច ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងជំនាញរបស់ការិយាល័យ បានបន្តធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបក្ខពួករបស់ជនសង្ស័យ ដែលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ស សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ1AV-0791 កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខស្តាម៉ាតស្ពានឥន្ធធនូកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមលោកនាយការិយាល័យ ជនសង្ស័យទី១៖ឈ្មោះ ផន មីនា ហៅធូ អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ អ៊ូ គ្រី អាយុ២៩ឆ្នាំ និងទី៣៖ឈ្មោះ ព្រាប សុខុម អាយុ៥៤ឆ្នាំ។ ដោយឡែកជនរងគ្រោះឈ្មោះ ចិន វីរុន អាយុ២២ឆ្នាំ ស្នាក់នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរសន្តិសុខកោះពេជ្រ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានការិយាល័យបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕