(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា បើគ្មាន សុខសន្តិភាព គ្មានការដឹកនាំត្រឹមត្រូវទេនោះ ទាំងវត្តអារាម ទាំងសាលារៀន ទាំងសាសនា និងសមិទ្ធផលផ្សេងៗទៀត ក៏គ្មានកើត មានដែរ ហេតុនេះសូមឱ្យព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទ ផ្តោតការយកចិត្តទុកដាក់ និងទទួលយកនូវការពិត។
ការលើកឡើងរបស់ លោក ម៉ៅ ធនិន ធ្វើឡើងនៅបរិវេណវត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងឱកាសអញ្ជើញ បើកបវេសនកាលពុទ្ធិកសិក្សា និងធម្មវិន័យ ឆ្នាំសិក្សា២០១៧-២០១៨ ទូទាំងខេត្តពោធិ៍សាត់ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ កិច្ចកោសល យ៉េម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត មន្ត្រីសង្ឃខេត្ត ក្រុង/ស្រុក ព្រះចៅអធិការ ព្រះថេរានុថេរៈគ្រប់អង្គ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ព្រះវិចិត្រព្រហ្មធរ កែវ កន ព្រះបាឡាត់គណខេត្ត ទទួលបន្ទុកវិស័យពុទ្ធិកសិក្សា និងធម្មវិន័យ និងលោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានប្រគេន និងជម្រាបជូនថា លទ្ធផលឆ្នាំសិក្សា២០១៦ វិស័យធម្មវិន័យមានថ្នាក់ត្រី ទោ ឯក មានសមណសិស្ស ២៨២អង្គ/នាក់ ក្នុងនោះបានប្រឡងជាប់២៣៩អង្គ/នាក់ វិស័យពុទ្ធិកមាន៣កំរិត គឺកម្រិតពុទ្ធិកបឋមមាន៥៥កន្លែង ស្នើនឹង៧៣ថ្នាក់ សមណសិស្ស៨០២អង្គ/នាក់ កម្រិតពុទ្ធិកអនុវិទ្យាល័យមាន១កន្លែង ស្នើនឹង៣ថ្នាក់ សមណសិស្ស១៥៨អង្គ/នាក់ និងពុទ្ធិកវិទ្យាល័យ មាន១កន្លែង ស្មើនឹង១ថ្នាក់ និងសមណសិស្ស២០អង្គនាក់។ ចំពោះស្ថានភាពវិស័យសាសនានៅក្នុងខេត្តមាន៦ រួមមានសាសនាឥស្លាម ៧៣កន្លែង សាសនាគ្រឹស្ត២០២កន្លែង សាសនាបាហៃ១កន្លែង សាសនាគង់ស៊ីអ៊ីម២កន្លែង សាសនាមហាយាន៦កន្លែង និងសាសនា ព្រះពុទ្ធមាន១៨៧វត្ត មានព្រះសង្ឃ១៩៤៦អង្គ ក្នុងនោះព្រះសង្ឃ៤៧៥អង្គ បានចុះឈ្មោះបោះឆ្នោត។
លោក ម៉ៅ ធនិន បានជម្រាបជូនថា សាលារៀន វត្តអារាម និងសាសនាផ្សេងៗទៀត មានច្រើននៅក្នុងខេត្ត ក៏ដូចទូទាំងប្រទេស រហូតមកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយសង្គមជាតិយើង ទទួលបាននូវសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបញ្ជាក់ថា សម្រាប់ខេត្តពោធិ៍សាត់យើង ទទួលបានសមិទ្ធផលធំៗជាច្រើនដូចជា៖ ទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ទំនប់និងប្រឡាយជាង៧០ខ្សែ ហើយជាងនេះទៅទៀតនោះ គឺផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ និងនៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបាននិងកំពុងបម្រើ សេចក្តីត្រូវការ របស់ប្រជាជនយើង។
ក្រៅពីនោះទៀតប្រមុខរាជរដ្ឋាភិបាល បានប្រកាសមិនយកពន្ធក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី រវាងឪពុកម្តាយបង្កើតមកឱ្យកូនបង្កើតរវាងប្តីប្រពន្ធ និងរវាងតាយាយមកឱ្យចៅបង្កើត ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។ ពាក់ព័ន្ធទៅនឹងវិស័យសាសនា លោកសូមឱ្យព្រះចៅអធិការ គណៈកម្មការ និងអាចារ្យគ្រប់វត្ត និងគ្រប់សាសនាទាំងអស់ ដែលមាននៅក្នុងខេត្ត ត្រូវមានកិច្ចសហការ ទំនាក់ទំនង សាមគ្គី ជួយគ្នា ចូលរួមអភិវឌ្ឍន៍ និងអភិរក្ស សម្តៅធ្វើយ៉ាងណាឱ្យសាសនា ត្រូវបានពុទ្ធបរិស័ទមានជំនឿជឿជាក់ និងគោរពប្រណិបត្តិ។
ដោយឡែកសមណសិស្ស ទាំងពុទ្ធិក និងធម្មវិន័យទាំងអស់ គប្បីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងភាសាបាលី ក៏ដូចផ្នែកចំណេះទូទៅ ប្រកបទៅដោយធនធានមនុស្ស ទាំងចំណេះដឹង ទាំងចំណេះធ្វើ ដើម្បីក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម និងសូមជៀសឱ្យផុតនូវ អំពើបាប សាងនូវអំពើល្អ ដែលមនុស្សផងទាំងឡាយគ្រប់រូបចង់បាន។
នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន រួមជាមួយនឹងព្រះមេគណខេត្ត បានអញ្ជើញ និងនិមន្ត ប្រគេននូវប្រកាសនីយប័ត្រដល់ព្រះចៅ អធិការវត្តចំនួន១៦វត្ត និងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ដែលបានសិក្សាក្នុងឆ្នាំ២០១៦ ចំនួន១២០អង្គ និងបានរាប់បាតប្រគេន ដល់ព្រះសង្ឃ៣០០អង្គផងដែរ៕