(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បង្រ្កាប និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ រួមទាំងវត្ថុតាង ជាប់ពាក់ករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២១៖០២នាទី ថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះសំណាក់យីហោ «គី ស្រីអូន» ស្ថិតក្នុង ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការបន្តថា ក្នុងនោះកម្លាំងធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ រួមទាំងដកហូតនូវវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាសារធាតុញៀនចំនួន០៨កញ្ចប់តូច ក្នុងនោះតូច០៧កញ្ចប់ និងធំ០១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង លុយ១៦.៧៥០០រៀល ម៉ាស៊ីន ថ្លឹង០១គ្រឿង កាបូប០១ និងកាំបិតឡាម០១។
លោកអធិការបន្តទៀតថា បន្ទាប់ពីធ្វើសាកសួរជនសង្ស័យទាំង២នាក់ នៅអធិការដ្ឋាននគរបាលស្រុកវាលវែងរួច លុះនៅថ្ងៃទី២៥ ខែឆ្នាំដដែល កម្លាំងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៤នាក់ទៀត។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងអធិការនគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រលាប ដឹកនាំលោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ប៊ុន ស៊ីយាង ភេទប្រុស អាយុ២៩ឆ្នាំ ស្ថិតក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។
ក្នុងនោះយើងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ វត្ថុតាងដែកដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន ០៣កញ្ចប់តូច (០១កញ្ចប់ធំ) កាំភ្លើងកែឆ្នៃ០១ដើម និងឧបករណ៍បម្រើឲ្យការប្រើប្រាស់ និងជួញដូរមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងបំពេញសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕