(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តជាខ្លាំងចំពោះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសរំលាយក្រសួងអភិវឌ្ឍន៍ជនបទ ទាំងខ្លួនមិនទាន់បានកាន់អំណាចផងនោះ។ សម្តេចតេជោ ហ៊ុន សែន​ បន្តថា បើលោក កឹម សុខា ធ្វើតែបែបហ្នឹង នគរខ្មែរនឹងរលាយ ហើយសង្រ្គាមប្រាកដជាផ្ទុះឡើង។ (សូមស្តាប់ប្រសាសន៍ខាងលើ)

ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើង ខណៈសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិននឹកស្មានថា មេបក្សប្រឆាំង មិនទាន់បានអីប្រកាស រំលាយក្រសួងអភិវឌ្ឍន៍ជនបទ ខ្ញុំកោតតែ ធ្វើទៅរួច បើតែយ៉ាងហ្នឹងអាលាយហើយនគរខ្មែរនោះ ហើយក៏សង្រ្គាមក៏ផ្ទុះ ឡើងដែរ ទាំងអស់នេះ ខ្ញុំសូមចែករំលែកជូនគ្រប់តួអង្គ​ លើកលែងតែបក្សប្រឆាំង មិនជូនទេព្រោះបំផ្លាញជាប់បើអ្នក ឯង បំផ្លាញជាប់ គុណសម្បត្តិនេះ មិនមែនអ្នកអាចបានធ្វើទេ អ្នកឯងទៅហាមឃាត់ជនបរទេសមិនឲ្យមក វិនិយោគ កុំមើលស្រាល បើសិនសង្រ្គាមពាក្យសំដីនៅតែចឹង ការលាបពណ៍»។
 
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅលោក កឹម សុខា កុំជ្រួលជ្រើមរឿងសង្រ្គាមព្រោះកូនៗរបស់សម្តេច សុទ្ធតែជាទាហាន និងជាទាហាន ចេញពី West Point ទៅទៀត។ សម្តេចនាយករដ្ឋមន្រ្តី បានផ្តាំទៅ លោក កឹម សុខា ថា សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បានរៀលចាលហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មិនមានតម្រូវឲ្យមានការបង់ប្រាក់នោះទេ ហើយការ ចាកចេញ របស់សមាជិកគណបក្សនយោបាយមួយចំនួនមករួម រស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះតែមានការតម្រូវឲ្យបង់ប្រាក់ជាង១ពាន់ដុល្លារ៕