Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលចាប់ខ្លួនបុរស និងស្រ្តី២នាក់ នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធបទល្មើសជួញដូរក្រលៀនមនុស្ស

25-05-2017 18:21

(ភ្នំពេញ)៖ ជនសង្ស័យជាប់ពាក់ព័ន្ធ ករណីជួញដូរក្រលៀនមនុស្ស ដោយខុសច្បាប់ម្នាក់ ក្នុងចំណោមជនពាក់ព័ន្ធគ្នា២នាក់ ត្រូវកម្លាំនគរបាល នាយកដ្ឋានជួញដូរមនុស្ស និងការពាអនីតិជន ក្រសួងមហាផ្ទៃចាប់ខ្លួន នាវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។

ជនសង្ស័យពាក់ព័ន្ធករណីជួញដូរសរីរាង្គមនុស្ស (ក្រលៀន) ដោយខុសច្បាប់ខាងលើមានឈ្មោះ ឡាច ហុងម៉េង អាយុ៣៤ឆ្នាំ។

នគរបាលបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងជុំវិញករណីជួញដូរក្រលៀនមនុស្ស ដោយខុសច្បាប់ ទើបនៅល្ងាចថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ កម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពាអនីតិជនស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួន បុរសជាប់ពាក់ព័ន្ធ ម្នាក់នៅត្រង់ចំណុច ភ្លើងស្តុបបូកគោ ខណ្ឌចំការមន នាំទៅសាកសួរ ហើយឈានទៅដល់តាមចាប់ខ្លួនស្រ្តី សង្ស័យពាក់ព័ន្ធ បានម្នាក់ទៀត នៅត្រង់ចំណុចផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបន្តទៀតថា ក្រោយពីចាប់ឃាត់ខ្លួន បានជនសង្ស័យត្រូវនាំខ្លួនទៅសាកសួរនៅនាយកដ្ឋាន រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា នេះទើបកម្លាំងជំនាញ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយជាមួយ នគរបាលប៉ុស្តិ៍កាកាប អាជ្ញាធរមូលដ្ឋាន នាំជនសង្ស័យទៅឆែកឆេរបន្ទប់ជួល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ហើយដកហូតបានម៉ាស៊ីនព្រីនមួយគ្រឿងផងដែរ។

ក្រោយពីបញ្ចប់កិច្ចកាឆែកឆេរត្រួតពិនិត្យបន្ទប់ជួល របស់ជនសង្ស័យរួច ទើបនាំខ្លួនទៅកាន់នាយកដ្ឋាន ដើម្បីបន្តធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕