(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​និងប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងថា​ ​«ការបោះឆ្នោតទាំងបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ គឺដើម្បីពង្រឹងសន្តិភាព ការអភិវឌ្ឍន៍មូលដ្ឋាន ភូមិឃុំសង្កាត់ ឲ្យមានភាពរីកចម្រើនរុងរឿងទៅមុខ​ ជាពិសេសពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនមែនបោះឆ្នោតដើម្បីបង្កភាពអនាធិបតេយ្យ តាមរយៈការញុះញង់ ឃោសនាបោកប្រាស់ នាំមកនូវភាពចលាចលអសន្តិសុខ ក្នុងសង្គមនោះឡើយ ដូច្នេះសុំឲ្យបងប្អូនយើងទាំងអស់ ត្រូវតែបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អបន្ថែមទៀត ដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមឲ្យបានរឹងមាំបន្តការអភិវឌ្ឍជាមួយគ្នា»។​

នៅល្ងាចថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០១៧​នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជួបសំណេះសំណាលជាមួយនិវត្តន៍ជន​ និងមន្រ្តីរាជការ​ចំនួន១០០០នាក់​ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានលើកឡើងថា ការលះបង់ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់ និវត្តជន និងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ បានធ្វើឲ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យ រហូតមកទល់បច្ចុប្បន្ន​ ជាពិសេសគឺជាធនធាន​ និងជាធាតុចូលរួមក្នុងការអភិវឌ្ឍប្រទេសដែលមិនអាចខ្វះបាន​ ព្រោះថា មនុស្សចាស់គឺជាឃ្លាំងផ្ទុក នូវឯកសារមរតករស់ សម្រាប់ធ្វើការស្រាវជ្រាវ​បម្រើដល់គំនិតឆ្នៃប្រឌិត​ និងអភិវឌ្ឍ​ហើយក៏ជាសាក្សីរស់​ ដែលរាជរដ្ឋាភិបាល​និងគណបក្សប្រជាជនកម្ពុជាតែងតែគិតគូរ​ដោយមិនមើលរំលង​។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជារបស់យើង។

ទន្ទឹមនឹងនេះនាយឧត្តមសេនីយ៍ បានអំពាវនាវឲ្យ បងប្អូនយើងត្រូវត្រៀមលក្ខណៈឯកសារបំរើឲ្យការបោះឆ្នោតដែល គ.ជ.ប បានកំណត់ឱ្យបានគ្រប់ៗគ្នា ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់យើងទាំងអស់គ្នានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខឲ្យបានគ្រប់ៗគ្នា៕