រឿងនាំជ្រូកខុសច្បាប់ចូលកម្ពុជា! រដ្ឋមន្ដ្រីកសិកម្មទទួលស្គាល់ថា «គ្មានសមត្ថកិច្ចនៅតាមច្រកផ្លូវការ និងច្រករបៀងតាមបន្ទាត់ព្រំដែន មានតែខាំមាត់ សង្កត់ចិត្ត និងមិននិយាយស្ដីអ្វីទាំងអស់»
25-05-2017 17:28
(ភ្នំពេញ)៖ សកម្មភាពឈ្មួញនាំចូលជ្រូកពីប្រទេសជិតខាង ដោយខុសច្បាប់ បានក្លាយជាប្រធានបទមួយដ៏ក្ដៅ សម្រាប់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម ជាសេនាធិការ ជាមួយប្រជាពលរដ្ឋដែលជាអ្នករកស៊ីចិញ្ចឹមជ្រូក នៅទូទាំងប្រទេស ដោយសារតែរហូត មកដល់ពេលនេះ វិធានការទប់ស្កាត់ នៃការនាំចូលជ្រូកខុសច្បាប់ នៅមិនទាន់មានប្រសិទ្ធិភាព នៅឡើយទេ។
ឆ្លើយតបការត្អូញត្អែរ និងអស់សង្ឃឹមរបស់កសិករចិញ្ចឹមជ្រូក រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទទួលស្គាល់ថា ក្រសួងគ្មានសមត្ថកិច្ចនៅតាមច្រកផ្លូវការ និងច្រករបៀង តាមបន្ទាប់ព្រំដែននោះឡើយ ពោលគឺមានតែមន្ដ្រី កាំកុងត្រូល អាជ្ញាធរដែនដី និងគយតែប៉ុណ្ណោះ។
នៅលើបណ្ដាសង្គម Facebook នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ស្ដ្រីម្នាក់ដែលមានឈ្មោះថា Eng Leom មើលទៅជាអ្នក រកស៊ីចិញ្ចឹមដ៏ធំមួយ បានបង្ហាញពីការអស់សង្ឃឹមនៅលើមុខរបរមួយនេះ ដោយសារតែការនាំចូលជ្រូកពីបរទេសនៅបន្ដកើតមាន ទប់ស្កាត់ មិនបាននោះឡើយ។
ស្រ្តីរូបនេះបានរៀបរាប់ថា «អស់សង្ឃឹមណាស់ខ្ញុំ! ការងារមុខរបរកសិករ កសិកម្ម របស់ខ្ញុំ និងកសិករទូទាំងប្រទេស គិតអ្វីមិនចេញទេ បើអស់លោក មិនរកទីផ្សារ ឲ្យប្រជារាស្ត្រផង ថែមទាំងនាំចូលបន្ថែមពីខាងក្រៅ មកជាន់កថែមទៀត តើឲ្យសង្ឃឹមអ្វី លើពួកលោកៗ នឹងទៅកសិករអើយ»។
ជាការឆ្លើយតបវិញ នៅរសៀលថ្ងៃនេះ រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានប្រាប់អង្គភាព Fresh News ថា «ទាក់ទងនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែអង្គឯង មិនធានាបានទេ ព្រោះគ្មានសមត្ថកិច្ចនៅតាមច្រកផ្លូវការ និងច្រករបៀងតាម បន្ទាត់ព្រំដែន មានតែកាំកុងត្រូល អាជ្ញាធរដែនដី និងគយរដ្ឋាករតែប៉ុណ្ណោះ។ បច្ចុប្បន្នមានតែខាំមាត់សង្កត់ចិត្ត មិននិយាយស្តីអ្វីទាំងអស់ ចៀសវៀងឲ្យរដ្ឋាភិបាលឈឺក្បាល។ ចំពោះបញ្ហានេះ សម្តេចតេជោ លោកបានដឹងច្បាស់ណាស់ ហើយខ្ញុំទទួលបានការណែនាំ ពីលោកជាបន្តបន្ទាប់»៕