(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាននាំឲ្យកម្ពុជាឈានដល់ការបោះឆ្នោត នៅឆ្នាំ ១៩៩៣ ក៏ពិតមែន ប៉ុន្តែមិនបានបញ្ចប់សង្រ្គាមទាំងស្រុងឡើយ បើទោះបីអង្គការសហប្រជាជាតិ បានចាយលុយជាង ២ពាន់លានដុល្លារក៏ដោយ ហើយអ្នកដែល តែងអួតខ្លួនឯងដឹងពីរឿងនេះ គួរទៅបើកមើលកិច្ចព្រមព្រៀងនេះឡើងវិញ មុននឹងនិយាយប្រាប់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំ។ (សូមស្តាប់ប្រសាសន៍ខាងលើ)
ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្តបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យ គ្រឹស្តសាសនា នៅកម្ពុជា នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
កន្លងមកក្រុមអ្នកដែលតែងតែនិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ត្រូវបានសម្ដេចតេជោ ថ្លែងចំអក និងចង្អុលប្រាប់ថា សូមទៅបើកមើលកិច្ចព្រមព្រៀង នេះឡើងវិញ ព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជាអស់ទៅហើយ ហើយក៏បាននាំកម្ពុជា ទៅដល់កាបោះឆ្នោត នៅឆ្នាំ១៩៩៣ តែម្ដង។
សម្ដេចថ្លែងយ៉ាងណាដូច្នេះថា «ខ្ញុំហាក់ដូចជាជ្រេញនឹងមនុស្សមួយចំនួន ដែលមិនដឹងខ្យល់ ហើយមិនដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានខ្លឹមសារនិយាយ ពីអ្វីខ្លះ គេតាំងខ្លួនធ្វើជាម្ចាស់កិច្ចព្រមព្រៀងប៉ារីស.....សូមទៅបើកមើលកិច្ចព្រមព្រៀងឡើងវិញ»។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាននាំឲ្យកម្ពុជាឈានដល់ការបោះឆ្នោត នៅឆ្នាំ១៩៩៣ ក៏ពិតមែន តែមិនបានបង្រួបបង្រួម និងបិទបញ្ចប់សង្រ្គាមទាំងស្រុងនោះទេ បើទោះបីអង្គការសហប្រជាជាតិ បានចាយលុយជាង ២ពាន់លានដុល្លារអាមេរិក ក៏ដោយ តែផ្ទុយទៅវិញ ក្នុងផ្ទៃប្រទេសកម្ពុជា មានតំបន់ត្រួតត្រាចំនួន២ និងរដ្ឋាភិបាលចំនួន២ដែរ ដែលម្ខាងគឺរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ និងម្ខាងទៀត គឺកងទ័ពខ្មែរក្រហម ដែលសេសសល់តំបន់ត្រួតត្រាមួយចំនួន ទាំងនៅផ្ទៃក្នុងប្រទេស និងនៅតាមព្រំដែនកម្ពុជា-ថៃ។
ក្រោមការដឹកនាំនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា សម្ដេតេជោ ហ៊ុន សែន បានយកជីវិតទៅប្ដូរ ដើម្បីចូលទៅចរចាជាមួយកងទ័ពខ្មែរក្រហម ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល។
ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ គឺសម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ពេលចូលទៅចរចាជាមួយកងទ័ពខ្មែរក្រហម នៅតំបន់ខ្មែរក្រហមនោះ ម្ដាយធំ និងម្ដាយរបស់សម្ដេច បានណែនាំ និងឃាត់ឃាំងសម្ដេច មិនឲ្យទៅចូលក្នុងតំបន់ត្រួតត្រារបស់ខ្មែរក្រហមឡើយ ប៉ុន្តែសម្ដេចបានជម្រាបតបត្រឡប់ទៅពួក គាត់វិញថា បើស្លាប់ ក៏ស្លាប់តែសម្ដេច និងអ្នកដែលទៅជាមួយសម្ដេច ប៉ុន្មាននាក់ប៉ុណ្ណោះ តែប្រសិនជាបានមកវិញ គឺបានសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល។ តំបន់ដែលសម្ដេចបានចូលទៅនោះ រួមមាន តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ ភ្នំព្រឹក តាកែន កោះស្លា ជាដើម។
ប្រមុខរាជរដ្ឋាភិបាល ដែលធ្លាប់មានប្រវត្តិតស៊ូស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជា សឹងមួយជីវិតហើយនោះ បានអះអាងថា ក្រៅពីគណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា ចេញមុខចូលរួមស្វែងរកសន្តិភាព ក៏ដូចជាការបង្រួបបង្រួមជាតិតែមួយ តំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយនោះទេ ដែលទាំងនេះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដំបូង ចាប់ពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន៕