(ភ្នំពេញ)៖ រាប់ឆ្នាំមកហើយដែលអ្នកមានមុខរបរចិញ្ចឹមជ្រូក នៅក្នុងស្រុកនាំគ្នាស្រែកថ្ងូរពីរឿងចិញ្ចឹមជ្រូក លក់មិនចំណេញ ព្រោះតែគេបណ្ដែតបណ្ដោយអោយមានការនាំចូលសត្វជ្រូក រស់ពីក្រៅប្រទេសច្រើនពេក ជាពិសេសពីប្រទេសវៀតណាមតែម្ដង ទើបធ្វើអោយតម្លៃសាច់ជ្រូក នៅលើទីផ្សារធ្លាក់ថ្លៃប៉ះពាល់ដល់អាជីវករ ចិញ្ចឹមជ្រូកក្នុងស្រុក។
អាជីវកររកសុីចិញ្ចឹមសត្វជ្រូកលក់ភាគច្រើន បាននាំគ្នាបន្ទោស និងទាមទារអោយរាជរដ្ឋាភិបាល អោយក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធនានាត្រូវនាំគ្នាទប់ស្កាត់ការនាំចូលសត្វជ្រូក រស់ពីក្រៅប្រទេសអោយខាងតែបានឬក៏កម្រិត នៃការនាំចូលដើម្បីសង្គ្រោះអាជីវករចិញ្ចឹមសត្វជ្រូក នៅក្នុងស្រុកកុំអោយដួលរលំ រហូតដល់សមាគម អ្នករកសុីចិញ្ចឹមសត្វជ្រូកខ្លះនាំគ្នាចេញទៅស្ទាក់ចាប់សត្វជ្រូក ដែលឈ្មួញលួចនាំចូលនៅតាមដងផ្លូវជំនួសសមត្ថកិច្ចទៀតផង។ អ្នកខ្លះទៀត ដោយសារតែចង់ធ្វើការទប់ស្កាត់ការ នាំចូលសត្វជ្រូកពីក្រៅប្រទេស ដើម្បីផ្គាប់ចិត្តអាជីវករចិញ្ចឹមសត្វជ្រូកក្នុងស្រុក ក៏ដូចអ្នកឆ្លៀតឱកាស បានផ្សាភ្ជាប់ការនាំចូលសត្វជ្រូក ជាពិសេសការនាំចូលពីប្រទេសវៀតណាមតែម្ដង ទៅនឹងរឿងជាតិនិយមដើម្បីកេងចំណេញនយោបាយ ក៏មានដែរ។
តាមពិតការលើកយកហេតុផល ពីការអនុញ្ញាតអោយនាំចូលសត្វជ្រូក ពីក្រៅប្រទេសច្រើន ធ្វើអោយតម្លៃសាច់ជ្រូកនៅលើទីផ្សារធ្លាក់ថ្លៃ ប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វជ្រូក ក្នុងស្រុក វាគ្រាន់តែជាទស្សនៈមួយជ្រុងគិតតែផលប្រយោជន៏បុគ្គល ផលប្រយោជន៏របស់ ក្រុមអាជីវករចិញ្ចឹមសត្វជ្រូកតែប៉ុណ្ណោះ ដោយគេមិនបានគិតដល់ផលប្រយោជន៏ របស់អ្នកទទួលទានសាច់ជ្រូក ដែលមានចំនួនច្រើនលើសលប់ជាង អ្នកចិញ្ចឹមជ្រូកលក់នោះទេ។
តាមពិតមានមូលហេតុ និងកត្តាជាច្រើនដែលគេ ត្រូវលើកយកមកចាត់មានវិធានការ ដើម្បីជួយសង្គ្រោះអាជីវកររកសុីចិញ្ចឹមជ្រូកលក់អោយបន្តអាជីកម្មបានដោយជោគជ័យជាជាង គិតតែរឿងទំលាក់កំហុសទៅ លើការអនុញ្ញាតអោយនាំសត្វជ្រូក ពីក្រៅប្រទេសចូលច្រើន ទើបធ្វើអោយប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក។ កត្តាដំបូង គេត្រូវធ្វើការសិក្សារកពីមូលហេតុពិត ថាហេតុអ្វីបានជាសត្វជ្រូកនាំចូល មានតម្លៃថោកជាងសត្វជ្រូកចិញ្ចឹមនៅក្នុងស្រុក? ហេតុអ្វីបានជាប្រទេសជិតខាងយើង ជាពិសេសប្រទេសវៀតណាមចិញ្ចឹមសត្វជ្រូក លក់បានចំណេញ? ហេតុអ្វីបានជាប្រទេសយើងចិញ្ចឹមលក់មិនចំណេញ? កត្តាតម្លៃដើម ដូចជាពូជ ចំណី ឈ្នួលពលកម្មថ្លៃជាង ឬមកពីកត្តាអ្វីផ្សេងទៀត?។
ដូច្នេះបើគេរកឃើញពីមូលហេតុពិតហើយ នោះរដ្ឋ និងឯកជនគួរតែបង្កើតយន្តការរួមមួយដើម្បីដោះស្រាយ ធ្វើយ៉ាងណាអោយអាជីវករចិញ្ចឹមសត្វជ្រូក លក់អាចបានចំណេញ និងផ្សព្វផ្សាយអោយសាធារណជនបានដឹង ជៀសវាងលើកយកហេតុផលតែមួយជ្រុង «ការអនុញ្ញាតអោយនាំចូលសត្វជ្រូកពីក្រៅប្រទេសច្រើន ទើបធ្វើអោយសាច់ជ្រូកធ្លាក់ថ្លៃ ប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក» ដោយទស្សនៈបែបនេះ គឺគ្រាន់តែដើម្បីផ្គាប់ចិត្តដល់អាជីវករចិញ្ចឹមជ្រូក លក់ក្នុងស្រុកមានចំនួនតិចតួចប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋខ្មែរ អ្នកទទួលទានមានចំនួនច្រើនលើសលប់ ត្រូវការអោយត្រី សាច់
និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ជាពិសេសសាច់ជ្រូកមានតម្លៃថោក ដើម្បីកាត់បន្ថយការចំណាយទៅលើជីវភាព ប្រចាំថ្ងៃនោះ។ ចូរកុំនាំគ្នាមើលរំលងថា បច្ចុប្បន្ននេះ សាច់ជ្រូកបានជួយដល់ប្រជាជន ដែលមានជីវភាពក្រីក្រ និងមធ្យមបានច្រើនណាស់ នៅពេលជីវភាពប្រជាជនខ្មែរភាគច្រើន នៅមានកំរិតនៅឡើយ ព្រោះសាច់ជ្រូកមានតម្លៃថោកជាងសាច់ផ្សេងៗ ដូចជាសាច់គោ មាន់ ត្រីជាដើមសាច់ជ្រូក២-៣ខាំ ដែលមានតម្លៃតែប៉ុន្មានពាន់រៀល គេអាចយកទៅឆា ស្លជាមួយបន្លែផ្សេងៗ បានមួយឆ្នាំងទទួលទានបានមួយគ្រួសារ នៅពេលដែលត្រីកន្លងមក ដែលជាអាហារប្រចាំថ្ងៃជាប្រពៃណីរបស់ខ្មែរយើងកាន់តែខ្សត់ និងថ្លៃទៅៗ ប្រជាជនដែលមានជីវភាពខ្សត់ខ្សោយ និងមធ្យមភាគច្រើនបាននាំគ្នាងៀក មកទទួលទានសាច់ជ្រូកកាន់តែមានចំនួនច្រើនឡើងៗវិញនោះ។ ដូច្នេះបើគេគិតរឿងផលប្រយោជន៏ របស់អ្នកចិញ្ចឹមជ្រូក តើគេមានគិតដល់ផលប្រយោជន៏របស់អ្នកទទួលទានសាច់ជ្រូកដែរឬអត់?
សូមកុំភ្លេចថា បច្ចុប្បន្ននេះ បើប្រៀបធៀបរវាងចំណីអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរវាងប្រទេសយើង និងប្រទេសជិតខាង គឺប្រទេសយើងមានតម្លៃថ្លៃជាងគេ ឆ្ងាយណាស់នៅពេលដែល GDP ប្រទេសយើង នៅទាបជាងប្រទេសជិតខាង នៅឡើយនោះ៕