(ព្រះសីហនុ)៖ ជើងហោះហើរត្រង់រវាងក្រុងព្រះសីហនុ របស់កម្ពុជា និងក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩​ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ​ ដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដឹកអ្នកដំណើរតម្លៃទាបជាងគេ ក្នុងពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ AirAsia នៅថ្ងៃព្រហស្បតិ៍នេះ។

តាមការប្រកាសនេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ទៅវិញទៅមកពីខេត្តព្រះសីហនុ ទៅក្រុងកូឡាឡាំពួរ ៤ដង ក្នុងមួយសប្តាហ៍។

លោក Spencer Lee ប្រធានពាណិជ្ជកម្មក្រុមហ៊ុន AirAsiaBerhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារមានទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុន​ដឹកអ្នកដំណើរ​ផ្លូវអាកាស​នាំមុខគេ និងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ីបើកប្រតិបត្តិការសម្រាប់ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យដ៏មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះ របស់កម្ពុជាទៅកាន់ពិភពលោក»។

លោកបានបន្តទៀតថា «យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹងរបៀប​AirAsiaបានណែនាំ អំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមាន​តំបន់ LuangPrabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហាន​ដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ ទីក្រុងមាត់សមុទ្រមួយនេះ»

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាង​លើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជា​ប្រទេស​កម្ពុជា កាន់តែច្រើនឡើងថែមទៀត។

ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (oneway) ហើយភ្ញៀ​វទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមហ៊ុនអាកាសចរណ៍AirAsia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន១៤ដងផងដែរ​ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Air Asia មានការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ និងមានការហោះហើរត្រង់ពីទីក្រុងបាងកក ប្រទេសថៃ មកកាន់រាជធានីភ្នំពេញ និងពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងសៀមរាបផងដែរ៕