(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី៦ហើយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយ ទាំង១២ ដែលបានចុះបញ្ជីនៅ គ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ សម្រាប់គណបក្សសង្គ្រោះជាតិវិញ នៅឯស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃនេះសកម្មជនរបស់បក្សនេះជាង៣០០នាក់ រស់នៅឃុំគំរូ បានសម្រេចដើរចេញពីបក្ស ហើយសុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក សេរី កុសល សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើនរូប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅទទួលស្វាគមន៍ក្រុមសកម្មជនទាំងនេះ។
លោកសេរី កុសល បានថ្លែងថា បច្ចុប្បន្ននេះឪពុក ម៉ែ បងប្អូន មានសិទ្ធគ្រប់គ្រាន់ក្នុងផ្តល់សម្លេង សន្លឹកឆ្នោតបក្ស ដែលខ្លួនជ្រើសរើស តែសូមកុំចាញ់បោកសម្លេងឃោសនាសន្យាខ្យល់របស់បក្សប្រឆាំង ការអភិវឌ្ឍន៍តាំងពីបាតដៃទទេ រហូតដល់បច្ចុប្បន្ននេះមានសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍គ្រប់វិស័យមិនថាទីជនបទ និងទីក្រុងឡើយ គឺគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងបន្តថា ការអភិវឌ្ឍន៍គ្រប់វិស័យ គឺមានការដឹកនាំប្រទេសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា តែតែងគិតគូរាល់បញ្ហាទាំងអស់ ទុក្ខព្រួយរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់គណបក្សប្រជាជនកម្ពុជា។
លោក សេរី កុសល បានបញ្ជាក់ថា ការឃោសនារបស់របស់គណបក្សសង្គ្រោះជាតិ បានដើររៃអង្គាសថវិកាពីប្រជាពលរដ្ឋ ដើម្បីបង្កើតទូរទស្សន៍ ព្រះអាទិត្យ តើបង្កើតបាននៅ? តើការសន្យាឲ្យថវិកាដល់ប្រជាពលរដ្ឋមានវ័យចំណាសទទួលបានថវិកា៤ម៉ឺនរៀនក្នុង១ខែ តើឪពុក ម៉ែ បងប្អូនបានទទួលឬនៅ?។ ចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជា ប្រែក្លាយជាផ្លូវដី ទៅជាផ្លូវកៅស៊ូ នេះហើយទើបហៅថាដូរ។
អតីតសមាជិកសកម្មជនមកពីបក្សប្រឆាំង និងបក្សផ្សេងៗ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ហេតុតែពួក ខ្ញុំដើរចេញពីបក្សដែលខ្លួនសង្ឃឹមថា ឈ្នះឆ្នោត និងការអភិវឌ្ឍន៍នោះ គឺគ្មានសូម្បីតែបន្តិច សូម្បីតែនៅមូលដ្ឋាន ពួកខ្ញុំក៏គ្មានបន្តិចផង បានតែសន្យាខ្យល់ប៉ុណ្ណោះ តើឲ្យពួកគាត់ខ្ញុំ មានក្តីសង្ឃឹមឯណាទៅ បើមេដឹកនាំ ប្រកាន់បក្សពួក គ្នាគ្នី ស្រីញីអូនបង»។
អតីតសមាជិកសកម្មជន បានអំពាវនាដល់ប្រជាពរដ្ឋ ទូទាំងប្រទេស ឈប់ជឿការឃោសនារបស់បក្សផ្សេងៗ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ធ្វើប្រទេសជាតិមានសុខសន្តិភាព ស្ថារភាព អភិវឌ្ឍន៍គ្រប់ទីកន្លែង និងសូមឲ្យប្រជាពលរដ្ឋកុំលង់ខ្លួនដូចជាពួកខ្ញុំឲ្យសោះ៕