(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ សាលាខណ្ឌ បេក្ខជនក្រុមប្រឹក្សាសង្កាត់ និងភូមិបានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០២ខ្សែ មានប្រវែងសរុប ៨០១ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។  

ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖
- ខ្សែទី០១ ផ្លូវបេតុងប្រវែង ៣៧០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧
- ខ្សែទី០២ ផ្លូវបេតុងប្រវែង ៤៣១ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ៍ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧។

លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូន ប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សា សុខសន្តិភាពនៅទូទាំងប្រទេស ហើយ នៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មី ០២ខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាលបាន ផ្តាំផ្ញើរដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។ ជាមួយគ្នានេះ លោកអភិបាលក៏បានសំណូមដល់បងប្អូន ប្រជាពលរដ្ឋសូមមេត្តា ជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់ បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕