(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានថ្លែងថា បណ្ណាល័យថ្មីរបស់មន្ទីរពេទ្យរុស្ស៊ី ដែលសាងសង់នេះចំណាយថវិកាជាង៣ម៉ឺនដុល្លារ នឹងជួយបង្កើនចំណេះដឹង និងឯកសារស្រាវជ្រាវ ដល់បុគ្គលិក និងនិស្សិតមកសិក្សានៅទីនេះ។
លោកថ្លែងបែបនេះ ក្នុងឱកាសបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យរបស់ខ្លួននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោកសាស្រ្តាចារ្យ ងឺ ម៉េង បានថ្លែងថា បណ្ណាល័យថ្មីសន្លាងមួយនេះ ត្រូវបានចំណាយថវិការសាងសង់ ជាង៣ម៉ឺនដុល្លារ ក្នុងនោះថវិកា ជាង២ម៉ឺន៦ពាន់ដុល្លារ ត្រូវបានផ្ដល់ដោយសមាគមបេសកកម្មអាស៊ី ដែលមានលោក Olvier Rodien ប្រធានសមាគម និងថវិកាជាង១ម៉ឺនដុល្លារទៀត ជាធនធានរបស់មន្ទីរពេទ្យផ្ទាល់។
លោកសាស្រ្តាចារ្យបានបន្តថា កន្លងមក មន្ទីរពេទ្យបានទទួលនិស្សិតឲ្យចូលទៅធ្វើកម្មសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងនោះមាននិស្សិតកពីប្រទេសបារាំង ប៊ែលហ្សិក កាណាដា សហរដ្ឋអាមេរិក អាឡឺម៉ង់ និងមួយចំនួនទៀត។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលនិស្សិតឲ្យចូលទៅធ្វើកម្មសិក្សាចំនួន ៦៣៩០នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន ២៣០នាក់។ ចាប់តាំងពីឆ្នាំ២០១៤មក និស្សិតមកពីសមាគមបេសកកម្មអាស៊ី ចូលទៅធ្វើកម្មសិក្សាក្នុងមន្ទីរពេទ្យនេះ មានចំនួន ៣៧០នាក់ផងដែរ៕