(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ ថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានប្រាប់ទៅអាជ្ញាធរ និងមន្រ្ដីរាជការគ្រប់ លំដាប់ថ្នាក់ ទូទាំងស្រុកស្វាយទាប ក៏ដូចជា អាជ្ញាធរខេត្ដស្វាយរៀង បន្ដបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យបានច្បាស់លាស់ ពីកង្វះខាត សំណូមពរផ្សេងៗដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយកភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ។
ការលើកឡើងបែបនេះ ខណៈលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផល រួមមាន៖ សាលាឆាន់ កុដ្ឋិថ្ម ក្លោងទ្វារវត្ត ក្លោងទ្វារសាលារៀន និងព្រះវិហារថ្មី នៅវត្តពពែតចាស់ ក្នុងស្រុកស្វាយទាប ដែលជាផ្តួចផ្តើម កសាងដោយ នាយឧត្តមសេនីយ៍ សួស អង្គារ៍ និងលោកស្រី ព្រមទាំងពុទ្ធបរិសទ័ចំណុះជើងវត្ត។
លោកស្រី ម៉ែន សំអន បានរំលឹកឡើងវិញអំពីរបបខ្មៅងងឹត ដែលមិនអាចបំភ្លេចបានគឺរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលពេលនោះ ប្រជាពលរដ្ឋត្រូវបានសម្លាប់រស់នៅ ដូចសត្វធាតុ និងទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ គឺក្រោម ការអនុវត្តនូវគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើវិស័យអាណាចក្រ វិស័យពុទ្ធចក្របានរស់ឡើងវិញ ហើយយើងទាំងអស់គ្នាក៏មានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងផងដែរ។
ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «យើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀនមន្ទីរពេទ្យ និងព្រះវិហារ។ល។ រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យដូចដែល យើងទាំងអស់គ្នាបានឃើញមាននាសព្វថ្ងៃនេះ ហើយចំពោះសមិទ្ធិផលនានា ដែលយើងកំពុងប្រារព្ធសម្ពោធថ្មីនេះ គឺជាសមិទ្ធិផលថ្មី មួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាល រួមជាមួយព្រះតេជគុណ លោកឧកញ៉ា លោក លោកស្រី សម្បុរសជនជិតឆ្ងាយ បានខិតខំពុះពារក្នុងការកសាងឲ្យកើតជាសមិទ្ធិផលដូចដែលមាននៅក្នុងវត្តពពែតចាស់នានេះ»។
លោកស្រីបានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយ សាធារណៈ អនុវត្ដឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព បន្ដជម្រុញកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ដ ខិតខំដោះស្រាយឲ្យបានល្អ នូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធិផលនានា ដែលយើងបាន កសាងទាំងអស់នេះបានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕