(សៀមរាប)៖ ស្ពានអណ្តែតទឹកដែលត្រូវបានកសាងឡើង សម្រាប់ភ្ញៀវទេសចរធ្វើដំណើរ ជាបណ្តោះអាសន្ន ចូលទស្សនាប្រាសាទ អង្គរវត្ត ក្នុងអំឡុងពេលដែលស្ពានហាល កំពុងទទួលការជួសជុលនោះ ត្រូវបានដាក់សម្ពោធបើកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។ ដោយឡែកស្ពានហាល នៃប្រាសាទអង្គរវត្តនឹងត្រូវបិទផ្អាកការ ធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០ បញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ដល់ភ្ញៀវទេសចរ និងដើម្បីបង្កលទ្ធភាពងាយស្រួល ដល់ក្រុមការងារជួសជុល។
ពិធីសម្ពោធជាផ្លូវការត្រូវ បានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជា ប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ស្ថាប័នអន្តរជាតិ និងប្រជាពលរដ្ឋ រាប់ពាន់នាក់។
មន្រ្តីអាជ្ញាធរអប្សរា បានឲ្យដឹងថា ស្ពាននេះមានប្រវែងបណ្តោយ១៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្មើនឹង១៣៦០ម៉ែត្រការ៉េ ប្រើប្រាស់ផ្ទៃពោងជ័រ អណ្តែតទឹក សរុប៦៧២០ដុំ អាចផ្ទុកចំនួនមនុស្សឈរលើស្ពាន ក្នុងពេលតែមួយបាន១៣៦០នាក់ ដោយគិតមួយម៉ែត្រការ៉េសម្រាប់ មនុស្សម្នាក់។ ស្ពាននេះអាចផ្ទុកទម្ងន់សរុបបាន៤៥៧តោន ដោយក្នុងពោងជ័រមួយដុំ អាចផ្ទុកបានទម្ងន់៦៨គីឡូក្រាម។ លក្ខណៈពិសេស របស់ពោងអណ្តែតទឹកនេះ គឺជាប្រភេទជ័រ ស្វិត ធន់ ហើយអាចទទ្រង់ នឹងអាកាសធាតុបានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ និងភ្លៀង ថែមទាំងមិនធ្វើឲ្យទឹកប្រែពណ៌ ឬបង្កជាសារធាតុពុលផ្សេងៗដល់ទឹកឡើយ។
ថ្លែងក្នុងរបាយការណ៍ក្នុងឱកាសនេះ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការកសាងស្ពានអណ្តែតទឹក បណ្តោះអាសន្ននេះ បានឆ្លងយោបល់របស់ក្រុមជំនាញ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងបានជ្រើសរើសប្រភេទស្ពាននេះឡើង ដោយផ្តោតទៅលើតម្លៃ ពេលវេលានៃការសាងសង់ ការថែទាំ ភាពមិនប៉ះពាល់ដល់បុរាណដ្ឋានក្រោមទឹក និងភាពស៊ីសង្វាក់គ្នា ទៅលើទេសភាពវប្បធម៌តំបន់អង្គរ។
លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណដល់ក្រុមការងារ របស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្តរជាតិនានា ដែលបានខិតខំ បំពេញការងារអភិរក្ស បេតិកភណ្ឌបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានរំឭកដល់គុណូបការៈដ៏ធំធេងរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលបានបូជាអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំការងារអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាមរតកដ៏ថ្លៃថ្លា នៃដូនតាយើងឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។
លោកស្រីបន្ថែមថា ស្ពានអណ្តែតទឹកនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំធេងជាច្រើនទៀតនៃការងារអភិរក្សរមណីយដ្ឋាន អង្គរ។ សមិទ្ធផលទាំងអស់នេះ គឺសម្រេចបានដោយសារប្រទេសរួចផុតពីសង្គ្រាម មានសន្តិភាពបរិបូណ៌ពេញផ្ទៃប្រទេស ដែលកើតឡើង តាមរយៈគោល នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់ថា «សង្គ្រាមមិនត្រឹមតែបំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែវាក៏បានបំផ្លិចបំផ្លាញ នូវបេតិកភណ្ឌវប្បធម៌របស់ជាតិ យ៉ាងច្រើនផងដែរ។ ដោយសារសង្គ្រាម មរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ត្រូវទទួលរងនូវផលប៉ះពាល់ ជាបន្តបន្ទាប់ ដោយសារកង្វះការថែរក្សា ព្រោះការរត់ភៀសសង្គ្រាមនៃប្រជាជនកម្ពុជាយើង។ ក៏ប៉ុន្តែក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជាទាំងមូល ក្នុងនោះរួមទាំងសុខុដុមភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិផងដែរ»៕