(សៀមរាប)៖ ដើម្បីរក្សាសន្ដិសុខជូនក្រុមភ្ញៀវទេសចរទាំងជាតិ និងបរទេស ដែលកំពុងកំសាន្តនៅក្រុងទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋទូទៅនោះ កម្លាំងនគរបាលខេត្តសៀមរាប បានប្រតិបត្តិការចុះបង្ក្រាប ក្រុមក្មេងទំនើងអុកឡុកសង្គមចំនួន៣នាក់ និងចាប់ខ្លួនជនគ្រឿងញៀនចំនួន៥នាក់ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមដងផ្លូវក្នុងក្រុង-ខេត្តសៀមរាប។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានបង្ក្រាបក្មេងទំនើង និងប្រើប្រាស់គ្រឿងញៀនសរុបចំនួន៩នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ឧបករណ៍ប្រើប្រាស់ថ្នាំញៀន ដាវ៥ដើម កាំបិត១ ផ្គាក់១ដើម និងម៉ូតូ៣គ្រឿង។ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេចរនោះ លោកស្នងការ បានបញ្ជាក់ថា នឹងបន្តដូចភ្លៀងរលឹមតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។
បន្ទាប់ពីបានធ្វើការឃាត់ខ្លួន ក្នុងនោះក្រុមក្មេងទំនើង៣នាក់ ត្រូវបានកម្លាំងបញ្ជូនទៅការិយាល័យកម្រិតស្រាល រីឯជនសង្ស័យចំនួន៥នាក់ទៀត ដែលបានជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ៕