(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារកសិកម្ម កសិឧស្សាហកម្មរបស់រាជរដ្ឋាភិបាល លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារពីការដំឡើងសាច់ដុំ និងមាត់ខ្លាំងៗដាក់គ្នា កាលពីអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដើម្បីពិភាក្សាស្តីពីការ ទប់ស្កាត់នាំចូលជ្រូកខុសច្បាប់ចូលមកកម្ពុជា ដែលមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអ្នករកស៊ីជ្រូកនៅកម្ពុជា។
ជាមួយគ្នានេះលោកបណ្ឌិត ម៉ុង ឫទ្ធី ក៏បានត្អូញត្អែរផងដែរថា ក្នុងនាមលោកកាន់តួនាទី ជាសហប្រធានក្រុមការងារកសិកម្ម កសិឧស្សាហកម្មរបស់រាជរដ្ឋាភិបាល រយៈពេល២០ឆ្នាំមកនេះ លោកមិនដែលទទួលបានប្រាក់ខែនោះទេ ផ្ទុយទៅវិញមានតែការស្តីបន្ទោសទៅវិញ។ ការចេញមក ថ្លាថ្លែងសារ និងបញ្ចេញយោបល់របស់ខ្លួន តាមបណ្តាញសង្គម Facebookនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ ដែលមើលទៅអ្នករកស៊ី ចិញ្ចឹមជ្រូកផងនោះលោក Vuthy Khem បានរិះគន់ និងសួរទៅលោកបណ្ឌិតថា មុនពេលប្រជុំពិភាក្សាមន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្ម បានចុះហេត្ថលេខា អនុញ្ញាតឲ្យនាំចូលជ្រូកពី១៥០ក្បាលទៅ២០០ក្បាល សម្រាប់ក្រុមហ៊ុនមួយ។ តែបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ការនាំចូលជ្រូកពី២៥ក្បាល ទៅ៦០ក្បាល ក៏មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ក៏ចុះហេត្ថលេខាឲ្យដែរ។ ម្ចាស់ Facebook រូបនេះ បានបង្ហាញការអស់សង្ឃឹមចំពោះការសន្យារបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានសន្យាជួយប្រជាកសិករ។
ជាការឆ្លើយតបជាមួយនឹងការបញ្ចេញទស្សនៈរបស់ប្រជាពលរដ្ឋនេះ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច និងជាម្ចាស់ក្រុមហ៊ុនកសិកម្មមួយដ៏ធំ ប្រចាំនៅកម្ពុជា បានរៀបរាប់ថា «នេះជាសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ពូមិនប្រកែកប្រណាំង ឬមួយអាក់អន់ស្រពន់ចិត្តជាមួយ អ្នកបញ្ចេញមតិទេ។ ពូគ្រាន់តែចង់ប្រាប់កាពិតខ្លះៗ ឲ្យក្មួយយល់ដឹងថា ពូបានបំរើការងារជាសហប្រធាននេះជាង២០ឆ្នាំកន្លងផុតទៅហើយ មិនដែលទទួលប្រាក់ខែ ឬប្រាក់ចំណូលពីការងារនេះទេ បានត្រឹមតែទៅអង្គុយឲ្យគេថា (ស្តីបន្ទោស) ឲ្យស្រេចតែនឹងចិត្តគេនឹកឃើញ។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែឧសភា អ្នកណាក៏ឮដែរ រហូតដល់ពូសុំទោសព្រះតេជគុណ ក្នុងអង្គប្រជុំ ហើយបានសុំអង្វរក អស់លោកកុំឲ្យដំឡើងសាច់ដុំ មាត់ខ្លាំងៗ នៅក្នុងអង្គប្រជុំអី សុទ្ធតែខ្មែរដូចគ្នាទេ។ អ្នកខ្លះ គេអាងមានផ្លាកដៃ លើកក្រវីក្រវាត់ ខ្លាចតែគេមិនដឹងថាខ្លួនមាន។ ពូសុំអភ័យទោសដែលមិនអាចជួយដល់អ្នកទាំងអស់គ្នាបាន ពូដឹងហើយថា មិនមែនតែកសិករខ្នាតតូច មធ្យមទេ ដែលត្រូវដួលរលំ សហគ្រាសខ្នាតធំ ក៏ត្រូវតែដួលរលំដែរ បើលក់ជ្រូកមួយក្បាលខាតពី៣០-៥០$ទៅហើយនោះ កសិករដែលជាអ្នកដាំដំឡូងមី ពោត សណ្តែក ស្រូវដែលធ្លាប់តែដឹកកសិផលរបស់ខ្លួន យកមកលក់ឲ្យរោងចក្រផលិតចំណីសត្វ ក៏ត្រូវប្រឈមនឹងអត់មានអ្នកទិញដែរ បើរោងចក្រត្រូវបិទទ្វារទៅហើយនោះ។ ទាំងអស់គ្នាត្រូវចងចាំឲ្យច្បាស់ថា ប្រជាជនកម្ពុជាសរុប១៦លាននាក់មានជាង៨០%ជាកសិករ»។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោកបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបើកកិច្ចប្រជុំមួយជាមួយឈ្មួញ អ្នកប្រកបរបរចិញ្ចឹមជ្រូក និងនាំចូលជ្រូកមកលក់នៅលើទីផ្សារកម្ពុជា។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពី សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានស្នើឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងពាក់ព័ន្ធ ទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង ខណៈដែលសមាគមមួយនេះរកឃើញថា ជ្រូកដែលនាំចូលរាល់ថ្ងៃចូលមកប្រទេសកម្ពុជា លើសពីគោលការកំណត់របស់ក្រសួងកសិកម្ម ដោយកំណត់ត្រឹម១២៥០ក្បាលក្នុង១ថ្ងៃ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី វេង សាខុន បានដាក់ចេញនូវវិធានការក្តៅ៣ចំណុច ដែលក្រសួង និងដៃគូពាក់ព័ន្ធជាពិសេសក្រុមហ៊ុនឯកជន បានឯកភាពគ្នារួមមាន ទី១-ពង្រឹងលើការត្រួតពិនិត្យ ពីយកភាស៊ីឡើងថ្លៃ, ទី២-ត្រួតពិនិត្យឲ្យបានច្បាស់លាស់ គ្រប់ទីសត្តឃាតណាដែលគ្មានបច្ចេកទេសត្រឹមត្រូវ និងទី៣-ស្វែងរកមូលហេតុឲ្យច្បាស់ ពីតម្លៃសាច់ជ្រូកថោក និងសាច់ជ្រូកឡើងថ្លៃ៕