(ភ្នំពេញ)៖ ក្រោមការចំណាយទុនផលិត ប្រមាណជាង៦ម៉ឺនដុល្លារ ភាពយន្តខ្នាតធំបែបកំប្លុកកំប្លែង មានចំណងជើងថា «ណូលី ណូឡា» របស់ផលិតកម្ម មហាហង្ស ត្រូវបានរៀបចំពិធីក្រុងពាលីចេញថតជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅឯភូមិគ្រឹះរបស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មផ្ទាល់តែម្ដង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការចូលរួម ពីសំណាក់តួសម្ដែងក្នុងរឿង និងក្រុមការងារជាច្រើននាក់។
ភាពយន្តថ្មីនេះ មានការចូលរួមសម្ដែងដោយតារាល្បីៗ ក្នុងប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យផលិតកម្ម ត្រូវបញ្ចេញខ្ទង់ចំណាយ មានទំហំធំជាងមុន។ ជាពិសេសការវិវឌ្ឍនូវបច្ចេកទេសថត និងប្លង់ថតនីមួយៗ ក៏ជាកត្តាចំបាច់ ជម្រុញឲ្យផលិតកម្ម បង្កើតការចំណាយ ដើម្បីឲ្យផ្ទៃរឿងទាំងមូល កាន់តែមានគុណភាពល្អ និងភាពទាក់ទាញអ្នកទស្សនា ខណៈដែលភាពយន្តកន្លងមក ដែលទទួលបានជោគជ័យ ក្នុងពេលដាក់បញ្ចាំង ក៏មានការផ្ចិតផ្ចង់មិនខុសពីគ្នាប៉ុន្មានឡើយ។
លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងឲ្យដឹងថា ភាពយន្តខ្នាតធំរឿង «ណូលី ណូឡា» ជាប្រភេទរឿងកំប្លែង សើចតាំងពីដើមរហូតដល់ចប់ ប៉ុន្តែក្នុងនោះក៏មានបង្កប់អត្ថន័យ ដែលចង់បង្ហាញពីការរស់នៅ របស់នារីខ្មែរក្នុងសម័យបុរាណ និងការគោរពវប្បធម៌ប្រពៃណីខ្មែរដ៏ផូរផង់របស់យើង ខណៈក្មេងជំនាន់ក្រោយមួយចំនួន មិនទាន់បានដឹង។ ការបង្ហាញពីប្រពៃណីខ្មែរ ការទូន្មានប្រៀនប្រដៅកូនចៅ ជាពិសេសគឺកូនស្រី ពិតជាមានសារសំខាន់ណាស់ ខណៈដែលបច្ចុប្បន្ននេះ ក្មេងៗចំនាន់ក្រោយ ហាក់មិនប្រកាន់យក ឲ្យបានខ្ជាប់ខ្ជួននោះឡើយ។
ចាងហ្វាងផលិតកម្ម មហាហង្ស ដដែល បានបន្តទៀតថា នៅក្នុងសាច់រឿង គឺត្រូវបានសម្រតិសម្រាំង នូវឈុតឆាកល្អៗជាច្រើន ក្នុងនោះការប្រើកាមេរ៉ាថត យើងមានដូចជា យន្តហោះដ្រូន ដើម្បីថតពីលើអាកាស ឈុតគ្រោះថ្នាក់ចរាចរណ៍ ត្រូវសម្ដែងឲ្យដូចទៅនឹងការពិត ព្រោះមានការផ្ទុះពោងរថយន្តជាដើម ដែលទាំងនេះ សុទ្ធសឹងតែត្រូវការ ការចំណាយទាំងពេលវេលា និងថវិកា ដើម្បីឲ្យសាច់រឿង កាន់តែជក់ចិត្ត និងទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។
សូមបញ្ជាក់ថា ភាពយន្តរឿង «ណូលី ណូឡា» មានការចូលរួមសម្ដែងដោយតារាល្បីៗរួមមាន អ្នកស្រី ចាន់ តារាទី, នាយ ពែកមី, អ្នកនាង ខ្ញុង, កញ្ញា ឌុច លីដា, អ្នកនាង ភិន សុដាលីស, លោក អូន ឧស្សាហ៍, លោក សួន រ៉ានីរ៉ាស៊ីនី, លោក ងួន សុបិន, នាយ ក្រឹប, DJ កាកា, អ្នកនាង ប៉េងប៉ោង, លោក ហ៊ុន ចំរើន, កញ្ញា ហេង ស្រីពេជ្រ កញ្ញា វ៉ាន់ នីវ៉ា ព្រមទាំងតារាកិត្តិយសជាច្រើនទៀត។ រឿង «ណូលី ណូឡា» នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងខែសីហា ឆ្នាំ២០១៧នេះ៕