(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានចូលរួម ចែករំលែកបទពិសោធន៍ ផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារ ដល់សមាជិកអាស៊ានដទៃទៀត ក្នុងសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង អំពីការអនុវត្តជោគជ័យ នៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ ពលកម្មកុមារ នៃវិស័យសេដ្ឋកិច្ចមិនរៀបរយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប។ បទពិសោធន៍ទាំងនោះ ត្រូវបានលើកឡើងដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
លោកបណ្ឌិតបានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពរបស់ រដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង តាមរយៈយន្តការអធិការកិច្ចការងារ ប្រកបដោយប្រសិទ្ធភាព និងលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតជាពិសេសទៅលើការលុបបំបាត់ពលកម្មកុមារ ហើយចំណុចគន្លឹះដែលនឹងត្រូវបានលើកឡើងដោយដៃគូរអភិវឌ្ឍ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេច នូវគោលដៅរបស់សហគមអាស៊ានក្រោមពាក្យស្លោក «សហគមតែមួយ វាសនាតែមួយ» តាមរយៈសសរស្តម្ភទាំងបីរបស់អាស៊ាន។
លោករដ្ឋមន្រ្តីបានបន្តថា លំហូរពាណិជ្ជកម្មសេរី បច្ចេកវិជ្ជា មូលធន និងការងារនៅក្នុងរង្វង់នៃរដ្ឋសមាជិកអាស៊ាន បានជះឥទ្ធិពលដល់បម្រែបម្រួលការងារ ជាពិសេសចំពោះកុមារតែម្តង ដែលអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតម្រូវការនៃកម្លាំងពលកម្ម និងការគ្រប់គ្រងនៃសង្វាក់ផលិតកម្ម។ នៅក្នុងបរិបទនេះ ការចែករំលែកនូវព៌តមាន និងការអនុវត្តជោគជ័យនៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារ នៃវិស័យសេដ្ឋកិច្ចមិនរៀបរយ ពិតជាដើរតួនាទីសំខាន់ និងជាអាទិភាពមួយរបស់រដ្ឋសមាជិក និងត្រីភាគីបូក ក្នុងការពង្រឹងគោលការណ៍អនុវត្ត ដើម្បីផលប្រយោជន៍របស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។
គួររំលឹកថា នៅក្នុងសហគមន៍ សង្គម និងវប្បធ៌មរបស់អាស៊ាន បញ្ហាពលកម្មកុមារត្រូវបានដោះស្រាយតាមរយៈ សេចក្តីប្រកាសរបស់អាស៊ានស្តីពីសិទ្ធិរបស់កុមារ និងផែនទីបង្ហាញផ្លូវរបស់អាស៊ាន ក្នុងការលុបបំបាត់ពលកម្មកុមារ។ ការអនុវត្តកន្លងមករបស់រដ្ឋជាសមាជិកនីមួយៗ ស្តីពីការលុបបំបាត់ពលកម្មកុមារ ការផ្លាស់ប្តូរទៅវិញទៅមក នៃនីតិវិធីអធិការកិច្ច ប្រព័ន្ធនៃការតាមដានត្រួតពិនិត្យ និងយន្តការជារចនាសម្ព័ន្ធ ក្នុងការលើកកំពស់ការអនុវត្តសង្គម និងការងារប្រកបដោយប្រសិទ្ធភាព ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗធ្វើការសិក្សាស្វែងយល់ ពីបរិយាកាសអំណោយផល ក្នុងការលុបបំបាត់នូវរាល់ទម្រង់នៃការងារដោយបង្ខំ និងការកេងប្រវ័ញ្ចនូវកម្លាំងពលកម្មកុមារ ដូចមានចែងនៅក្នុងគោលដៅសាកលស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព ២០១៥-២០៣០។
លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋភាគីនៃអង្គការសហប្រជាជាតិ កម្ពុជាបានផ្តល់សច្ចាប័នលើលិខិតតុបករណ៍ របស់អង្គការជំនាញ នៃអង្គការសហប្រជាជាតិ ជាអាទិ៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ការផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ របស់អង្គការអន្តរជាតិខាងការងារ ដែលក្នុងនោះពាក់ព័ន្ធនឹងសិទ្ធកុមារ រួមមាន៖ អនុសញ្ញាលេខ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច, អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមា សម្រាប់ចូលធ្វើការ, អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ, សេចក្តីថ្លែងការណ៍សាកលស្តីពីសិទ្ធិមនុស្ស, ពិធីសារ និងការអនុម័តលើអនុសញ្ញាបន្ថែមដទៃទៀត ដែលពាក់ព័ន្ធសុខុមាលភាពកុមារ សិទ្ធិកុមារ និងការជួញដូរកុមារ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដែលជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើសកម្មភាពបន្ទាន់សម្រាប់ការលប់បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ក៏ដូចជាពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យឆាប់សម្រេចបាននូវការប្តេជ្ញាចិត្ត ទាំងនេះ។ ទាំងនេះ ជាសមិទ្ធផលប្រកបដោយជោគជ័យ ដែលកម្ពុជាបានខិតខំយកចិត្តទុកដាក់ ក្នុងការលុបបំបាត់ពលកម្ម កុមារ ហើយក៏ជាបទពិសោធន៍ សម្រាប់ចែករំលែកដល់បណ្តាប្រទេសអាស៊ាន ធ្វើការសិក្សាស្វែងយល់នៅក្នុងសិក្ខាសាលា ចែករំលែកចំណេះដឹង អំពីការអនុវត្តជោគជ័យនៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារ នៃវិស័យសេដ្ឋកិច្ចមិនរៀបរយ របស់ប្រជាជាតិអាស៊ីអាគ្នេយ៍៕