(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ មុននឹងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋគ្រប់គ្នាចាំបាច់ត្រូវមាន៖ ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ឲ្យបានត្រឹមត្រូវ។
នាយឧត្តមសេនីយ៍ ថ្លែងបែបនេះនាឱកាសបន្តចុះជួបសមាជិក នៃគណបក្សប្រជាជនកម្ពុជាចំនួន៣,០០០នាក់ មកពីឃុំចំនួន២ គឺឃុំប្រាសាទ និងឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា គណបក្សប្រជាជនគណបក្សប្រជាជនកម្ពុជា បាននាំប្រទេសពីភ្នក់ភ្លើងសង្រ្គាម សមុទ្រឈាមទឹកភ្នែក មកកាន់សុខសន្តិភាពពេញលេញ ដោយបានធ្វើការបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ការបោះឆ្នោតទាំងបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ គឺដើម្បីពង្រឹងសន្តិភាព ការអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំ-សង្កាត់ ពង្រឹងលទ្ធប្រជាធិបតេយ្យ មិនមែនបោះឆ្នោតបង្កភាពចលាចល អសន្តិសុខក្នុងសង្គម តាមរយ:ការឃោសនាអកុសល បំពុល កុហក បោកប្រាស់ ពីសំណាក់ជនអគតិនោះទេ ដូច្នេះសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ឱ្យបានល្អបន្ថែមទៀត កៀកស្មាគ្នាដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ។
លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពលរដ្ឋត្រូវត្រៀមឯកសារបម្រើឱ្យការបោះឆ្នោត ដែល គ.ជ.ប បានកំណត់ឱ្យបានគ្រប់ៗគ្នា ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដំណើរការកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនសម្បូរសប្បាយថែមទៀត៕