(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ទើបត្រូវបានតែងតាំងថ្មី លោកស្រី Kang Kyung-hwa បាននិយាយថា ជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើង គួរតែត្រូវបានធ្វើឡើងដោយគ្មានលក្ខខណ្ឌ ឬហេតុផលនយោបាយអ្វីទំាងអស់។ ព្រមពេលជាមួយគ្នា លោកស្រីក៏បានព្រមានដែរថា បើសិនជាទីក្រុងព្យុងយ៉ាង នៅតែធ្វើសកម្មភាពបង្ករឿង នោះទណ្ឌកម្មដ៏ខ្លាំងមួយនឹងត្រូវអនុវត្តន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Kang Kyung-hwa ជាអ្នកការទូតជើងចាស់ម្នាក់ ប្រចាំអង្គការសហប្រជាជាតិ បានមកដល់អាកាសយានដ្ឋានទីក្រុង Incheon នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមជើងហោះហើរពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី Kang បានបញ្ជាក់យ៉ាងដូច្នេះថា «ជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើង ត្រូវតែបែងចែកឱ្យដាច់ស្រឡះពីលក្ខខណ្ឌនយោបាយ ពោលគឺយើងត្រូវផ្ដោតសំខាន់លើបញ្ហាមនុស្សធម៌ ដែលគួរតែត្រូវបានដោះស្រាយ ជូនប្រជាជនកូរ៉េខាងជើងកំពុងរងការឈឺចាប់»។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានតែងតាំងលោកស្រី Kang Kyung-hwa ជារដ្ឋមន្ត្រីការទេសកូរ៉េខាងត្បូង ក្នុងនាមជាស្រី្តដំបូងគេដែលកាន់តួនាទីនេះ ហើយវាមិនតម្រូវឱ្យមានការអនុម័តពីសភានោះទេ ក៏ប៉ុន្តែលោកស្រីនឹងក្លាយជាប្រធានបទជជែកដេញដោល នៅក្នុងសវនាការស្ដាប់របស់សភាជាតិ៕