(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទៅក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ឲ្យជួសជុលផ្លូវជូន ប្រជាពលរដ្ឋធ្វើដំណើរជាបន្ទាន់ ដើម្បី​បញ្ចៀសការកកស្ទះចរាចរ និងកាត់បន្ថយការពេលវេលាធ្វើដំណើរ របស់ពួកគាត់ដែលប្រាស្រ័យរាល់ថ្ងៃ។ លោកថ្លែងបែបនេះក្នុងពិធីជួប​សំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកបក្សប្រជាជនកម្ពុជា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។

លោក វ៉ី សំណាង បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ អភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដូច្នេះប្រជាពលរដ្ឋច្បាស់ជាមិនចាក់អង្ករយកអង្កាមនោះឡើយ។ បន្ទាប់ពីនោះសំណេះសំណាលចប់ លោកអភិបាលខេត្ត បានចុះពិនិត្យការដ្ឋាន ជួសជុលផ្លូវកៅស៊ូ ពីចំណុចផ្សារស្រង់ ទៅផ្សារត្រាំខ្នារ ប្រវែង៩គីឡូម៉ែត្រ ឆ្លងកាត់ឃុំជង្រុក និងឃុំស្នំក្រពើ ដែលមានការខូចខាត ពិបាកធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកអភិបាលខេត្តបានបញ្ជាក់ថា «មន្ត្រីជំនាញនឹងជួយដោះស្រាយ ឲ្យបានលឿនដើម្បីងាយស្រួលឲ្យពលរដ្ឋធ្វើដំណើរ»។ សូមបញ្ជាក់ថា កន្លងមកដោយមានការសំណូមពរពីប្រជាពលរដ្ឋ នៅក្នុងឃុំទាំង២ខាងលើ លោក វ៉ី សំណាង បានរៀបចំកិច្ចប្រជុំមួយពិភាក្សាសិក្សាលទ្ធភាព ជាមួយនឹងអ្នកពាក់ព័ន្ធដែលរួមមាន អាជ្ញាធរស្រុក-ឃុំ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងក្រុមហ៊ុនអាជីវកម្មថ្ម ដែលនៅក្បែរៗនោះ ជាលទ្ធផល គឺមន្ទីរសាធារណការខេត្ត បានទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវនេះឡើងវិញ ដែលអាចនឹងរួចរាល់នាពេលឆាប់ៗនេះផងដែរ៕