(អង់គ្លេស)៖ ឪពុករបស់ជនសង្ស័យម្នាក់ដែលគេចោទថា ជាជនបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស២២នាក់ និងរបួសជាង៥៩នាក់នៅឯ សាលប្រគុំតន្រ្តី Manchester Arena ក្នុងទីក្រុង Manchester Arena ស្ថិតនៅភាគពាយ័ព្យនៃប្រទេសអង់គ្លេស បានអះអាងថាកូនប្រុស របស់ខ្លួនមិនបានធ្វើសកម្មភាពវាយប្រហារភេរវកម្ម ហើយក៏មិនមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។
ប៉ូលិសអង់គ្លេស បានកំណត់អត្តសញ្ញាណអត្តឃាតជន ឈ្មោះថា Salman Abedi មានអាយុ២២ឆ្នាំ កើតក្នុងទីក្រុង Manchester គឺជាកូន ទីពីរក្នុងចំណោមកូន០៤នាក់ និងមានម្ដាយឪពុកជាជនភៀសខ្លួនលីប៊ី។ ក៏ប៉ុន្តែជុំវិញការអះអាងនេះដែរ ឪពុកជនសង្ស័យ លោក Ramadan Abedi បានបញ្ជាក់ថាកូនប្រុសរបស់ខ្លួនម្នាក់នេះគ្មានកំហុសអ្វីនោះទេ ខណៈកូនប្រុសលោកម្នាក់ទៀតឈ្មោះ Ismail Abedi ត្រូវបានចាប់ខ្លួន នៅអង់គ្លេសកាលពីព្រឹកថ្ងៃអង្គារ។ ជាងនេះទៅទៀត បើតាម លោក Ramadan Abedi Salman Abedi មិនមានអាកប្បកិរិយាចម្លែកឡើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយថែមទំាងមានគំរោងធ្វើដំណើរទៅអារ៉ាប៊ីសាអ៊ូឌីត មុននឹងទៅលីប៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យតមអាហាររបស់ អ្នកកាន់សាសនាអ៊ីស្លាម ឬ(Ramadan) ជាមួយនឹងគ្រួសារទៀតផង។
គួរបញ្ជាក់ថា ពួក ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq បានចេញមុខទទួលខុសត្រូវលើការវាយប្រហារភេរវកកម្មនេះ។ ចំណែកឯ នៅថ្ងៃពុធនេះ ប៉ូលិសអង់គេ្លស ចាប់បានជនសង្ស័យជាបុរសចំនួនបីនាក់ និងកំពុងត្រៀមធ្វើការសួរចម្លើយ៕