(ភ្នំពេញ)៖ ដោយយោងតាមរបាយការណ៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅអង់គ្លេស លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ការវាយប្រហារដោយគ្រាប់បែកនៅរង្គសាល Manchester Arena ក្នុងទីក្រុង Manchester ចក្រភពអង់គ្លេស មិនមានពលរដ្ឋ ឬ និស្សិតខ្មែររងគ្រោះថ្នាក់នោះទេ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ មានការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនៅរង្គសាល Manchester Arena ក្នុងទីក្រុង Manchester ចក្រភពអង់គ្លេស បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និង៥៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ក្នុងចំណោមជនរងគ្រោះនោះ ភាគច្រើនគឺជាមនុស្សមានវ័យក្មេង។
រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ូលីសអង់គ្លេស ចាប់បានជនសង្ស័យមួយចំនួនហើយ ខណៈក្រុម ISIS បានចេញមុខអះអាងថា ការវាយប្រហារនេះគឺជាទង្វើរបស់ពួកគេ៕