(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ចុះអញ្ជើញផ្ទាល់ប្រគល់ប័ណ្ណកម្មសិទ្ធសំគាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ២ភូមិក្នុងសង្កាត់ជ្រាវ និងដីបរិវេណវិទ្យាល័យអង្គរ ក្រុងសៀមរាប។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

​លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ​ក្រោយពីលទ្ធផលនៃការចុះស្រង់ទិន្នន័យ សម្រេច ផ្តល់ជូននៅពេលនេះ គឺជូនទៅប្រជាពលរដ្ឋនៅភូមិតាចេក ក្បាលដីសរុបចំនួន១,៤៥១ក្បាលដី វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវផ្តល់ជូនចំនួន៩៧៤ប័ណ្ណ ភូមិបុស្សក្រឡាញ់ ក្បាលដីសរុបចំនួន១,៥២២ក្បាលដី វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវផ្តល់ជូនចំនួន​៩១៥ប័ណ្ណ និងដីនៅបរិវេណវិទ្យាល័យអង្គរ ១១៦ប័ណ្ណ។ ដោយឡែក ចំពោះក្បាលដីដែលគ្មានទិន្នន័យ មន្ទីរនឹងសហការទំនាក់ទំន​ង ជាមួយម្ចាស់ក្បាលដីឲ្យមកធ្វើការចុះបញ្ជី និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ស្របតាមនិតិវិធី ដើម្បីចេញវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលឆាប់ៗ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី ​ទៀ បាញ់ បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនទ្រព្យ ដែលជាកម្មសិទ្ធស្របច្បាប់ ព្រោះថាបងប្អូនមានសិទ្ធពេញលេញអាចយកទៅប្រើប្រាស់បាន ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត និងធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដោយគ្មានជនណាអាចមករំលោភបំពាន ឬធ្វើការដកហូតបានឡើយ។

ឧនាយករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ទំរាំនឹងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសម្រេចចេញផ្តល់បណ្ណ័កម្មសិទ្ធជូននៅពេលនេះ ដោយសារដីតំបន់នេះ មានជាប់ពាក់ព័ន្ធទៅនឹងនិតិវិធីជាច្រើន ជាពិសេសក្រោយការបង្កើតអាជ្ញាធរបឹងទន្លេសាប ព្រោះអាជ្ញាធរនីមួយៗ គេការពារ និងអនុវត្តទៅតាមតួនាទីភារកិច្ច ដើម្បីអភិរក្សក្នុងតំបន់មួយចំនួន ដែលអាជ្ញាធរនោះគ្រប់គ្រង ជាពិសេសបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានសារៈប្រយោជន៍ ដូច្នេះ​ការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋទាមទារឲ្យមានការសិក្សា ផ្ទៀងផ្ទាត់ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់»។

លោក ទៀ បាញ់ បន្ថែមថា ​ដូចដែលបងប្អូនដឹងស្រាប់ហើយនៅក្នុងក្រុងសៀមរាប ប្រមូលផ្តុំទៅដោយបុរាណដ្ឋានរបស់បុព្វបុរសខ្មែរ នេះជាបញ្ហាស្មុគ្រស្មាញបំផុត ក្នុងរយៈពេលកន្លងមក យ៉ាងណាក៏ដោយ​មន្ត្រីថ្នាក់ដឹកនាំ អង្គភាពស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានប្រឹងប្រែងរិះរកវិធីគ្រប់បែបយ៉ាង ដើម្បីគិតគូរធ្វើយ៉ាងណាឲ្យបងប្អូនដែលរស់នៅតាំងពីយូរលង់ណាស់មកហើយ បានទទួលនូវសិទ្ធពេញលេញតាមផ្លូវច្បាប់ និងមានឱកាសក្នុងការចាត់ចែងទ្រព្យសម្បត្តិទៅឲ្យកូនចៅខាងក្រោយៗ ​របស់ខ្លួនទៅតាមការរីកចម្រើនរបស់សង្គមជាតិ។

​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការផ្តល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ ជាការបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយប្រសិទ្ធិភាព របស់រាជរដ្ឋាភិបាល ទៅតាមអនុក្រិតស្តីពីការធ្វើសម្បទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ គិតគូរយ៉ាងច្បាស់ និងដោយប្រយ័ត្នប្រយែង ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍ ធ្វើយ៉ាងណារក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស សំដៅទាញយកផលប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមរតកដ៍មានតម្លៃនេះទៅមនុស្សជំនាន់ក្រោយៗទៀត។ ដោយឡែកចំពោះក្បាលដីដែល នៅសេសសល់ដើម្បីឲ្យផ្លូវច្បាប់ទទួលស្គាល់ម្ចាស់អចលនវត្ថុពេញលេញបាន គឺត្រូវការភាពច្បាស់លាស់ ត្រូវតែបន្តសិក្សា ពិភាក្សា ផ្ទៀងផ្ទាត់យ៉ាងលំអិត ដើម្បីឲ្យម្ចាស់កម្មសិទ្ធទទួលបានសិទ្ធកាន់កាប់ស្រប និងត្រឹមត្រូវតាមផ្លូវច្បាប់៕​​