(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃ បានអំពាវនាវរួមគ្នាទៅដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកុំឲ្យយកតួនាទី និងសិទ្ធិអំណាចទៅបំភិតបំភ័យ និងគំរាមកំហែងប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ។

ក្នុងសេចក្តីថ្លែងណែនាំរួមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ សមាជិកនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិគ្រប់រូបត្រូវមានឆន្ទៈ និងស្មារតីមុះមុតចូលរួមយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិសុខ ដោយឈរលើការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងខិតខំជំរុញរាល់សកម្មភាព ដើម្បីរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពសង្គម និងចូលរួមបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

«គ្រប់ដំណាក់កាលនៃការបោះឆ្នោត ហាមដាច់ខាតការយកតួនាទី សិទ្ធិអំណាច ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ ដើរបំផុសបំផុល បំភិតបំភ័យ និងគំរាមកំហែងតាមគ្រប់រូបភាព បង្កឲ្យមានភាពរំជើបរំជួល បាត់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសមិនត្រូវប្រើអំណាច ឬ ឥទ្ធិពលទៅប្រព្រឹត្តសកម្មភាពណាមួយ ដើម្បីគាំទ្រ ឬ ប្រឆាំងនឹងបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង ឬភ្នាក់ងារ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សនយោបាយណាមួយឡើយ»។ នេះជាការអំពាវនាវបន្ថែមរបស់សម្តេចក្រឡាហោម ស ខេង និងលោក ស៊ិក ប៊ុនហុក។

ក្នុងសេចក្តីណែនាំដដែលនេះ ក៏បានស្នើទៅដល់សមាជិកនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ដែលត្រូវបានចាត់ឲ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវយកចិត្តទុកដាក់សហការអនុវត្តឲ្យបានម៉ឹងម៉ាត់តាមគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។

សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចសរុបជិតពីរម៉ឺននាក់ត្រូវបានគេដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទាំងក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោត ហើយកម្លាំងសមត្ថកិច្ចជិត ៤ម៉ឺននាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕