(ស្ទឹងត្រែង)៖ ជនសង្ស័យជាជនជាតិឡាវម្នាក់ និងខ្មែរម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់ នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៧នេះ រួមជាមួយម៉ាទឹកកកជិត១គីឡូក្រាម និងយ៉ាម៉ា៦ពាន់គ្រាប់ នៅក្នុងដែនដីរដ្ឋបាលក្រុងស្ទឹងត្រែង។
ប្រតិបត្តិការណ៍នេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរគ្រឿងញៀនឆ្លងដែនបានចំនួន ២ករណីផ្សេងគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ម្នាក់ជាជនជាតិខ្មែរ ម្នាក់ទៀតជនជាតិខ្មែរ និងដកហូតថ្នាំញៀន២ប្រភេទ ក្នុងនោះមានប្រភេទម៉ាទឹកកកជិត ១គីឡូក្រាម និងប្រភេទយ៉ាម៉ាប្រមាណ ៦ពាន់គ្រាប់ ព្រមទាំងអាវុធកែច្នៃ១ដើមផងដែរ។
* ករណីទី១៖ បង្ក្រាបនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យជាតិខ្មែរម្នាក់ ឈ្មោះ សេង ទន់ អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំឃាត់ខ្លួន ដកហូតថ្នាំយ៉ាម៉ាបាន ៣០កញ្ចប់តូច ស្មើនឹង ៦ពាន់គ្រាប់ ព្រមទាំងអាវុធប្រភេទកែច្នៃ១ដើមថែមទៀត។
* ករណីទី២៖ បង្ក្រាបនៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវម្នាក់ ឈ្មោះ ឡា វ៉ាន់ អាយុ៥៥ឆ្នាំ រស់នៅភូមិស៊នវ៉ាន់សៃ ស្រុកមឿងប៉ាក់កាឌិន ខេត្តបូរីខាំសៃ ប្រទេសឡាវ ដកហូតបានម៉ាទឹកកកចំនួន ៩៧៨.៦ក្រាម។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា នៅល្ងាចថ្ងៃដដែល ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរ និងរក្សាទុកដោយកម្លាំងជំនាញគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការជាបន្តទៅតាមនីតិវិធីច្បាប់៕